Monday, June 13, 2016

#rbu_ក្មេងឃ្វាលគោនិងបង្គោលព្រំដែន​

មិនដឹងជាជាតិនេះ ខ្ញុំមានចំណារព្រហ្មលិខិតកំណត់ថាត្រូវតែដឹងរឿងទាក់ទងនឹងបញ្ហាជាតិ ឬក៏មេដឹកនាំជាតិយ៉ាងណា ឬកម្រិតណានោះទេ។ ខ្ញុំតែងតែជួបឬស្ដាប់ ឮផ្ទាល់ពីអ្នកនៅផ្ទាល់ ឬពីប្រភពជិតដិតនឹងអ្នកធំ ឬក៏ឃើញផ្ទាល់បង្គោល ព្រំដែនខ្មែរយួន នៅចុងទសវត្សរ៍ទី៦០។

ពេលបានស្ដាប់ឮលោក វ៉ា គឹមហុង និយាយកាលប៉ុន្មានឆ្នាំមុនថា ផែនទីព្រំដែនខ្មែរជាមួយប្រទេសជិតខាងប្រតេកប្រតាកឬបង្គោលព្រំដែនមិនច្បាស់ រហូតដល់សម្ដេចតាបានមានប្រតិកម្មរកប្ដឹងលោក វ៉ា គឹមហុង ខ្ញុំមានការភ្ញាក់ផ្អើល។ ខ្ញុំងឿងឆ្ងល់ថា ហេតុអ្វីក៏ថាមិនច្បាស់(?) ពាក្យទាំងនេះ ធ្វើឲ្យខ្ញុំនឹកឃើញ អ្វីដែលខ្ញុំបានឃើញ កាលពីជិត៥០ឆ្នាំមុន នៅខ្សែព្រំដែន បន្សល់ទុកតាំងពីជំនាន់បារាំង។

រៀងរាល់ឆ្នាំ ឪពុកខ្ញុំតែងតែនាំពួកខ្ញុំជាកូនទៅលេង ឬមួយផ្ទះជីតាខ្ញុំ នៅឃុំសោម ស្រុកគិរីវង់ ឬមួយផ្ទះជីតាខាងម្ដាយខ្ញុំ នៅឃុំក្រពុំឈូក ស្រុកកោះអណ្ដែត។ ឃុំទាំងពីរនិងស្រុកទាំងពីរនេះមានព្រំជាប់នឹង អតីតទឹកដីកម្ពុជាក្រោម ដែលនៅក្រោមការកាន់កាប់់របស់វៀតណាម។

កាលជិត៥០ឆ្នាំមុន ពេលវិស្សមកាលមួយ កាលនោះខ្ញុំនៅជាកុមារអាយុ១១ឆ្នាំ និងរៀននៅអនុវិទ្យាល័យនៃស្រុកមួយនៅជាប់ព្រំដែនយួន ពួកយើងខ្ញុំ បានទៅលេងស្រុកជីតាខ្ញុំនៅជិតព្រំដែន។ ខ្ញុំបានទៅជាមួយកូនអ្នកភូមិ ជាបងប្អូនឃ្វាលគោ នៅវាលស្រែ ដែលលាតសន្ធឹងជាប់ពីចម្ការជាយភូមិ រហូតដល់ជិតភ្លឺ ព្រែកវិញតេ ដែលបានក្លាយជាជាយចុងខាងត្បូងនៃ ប្រទេសកម្ពុជាសព្វថ្ងៃ។

ខ្ញុំនៅចាំបានថា កាលក្នុងឆ្នាំ១៩៦៨ នោះ ពេលតាមកូនអ្នកភូមិជាបងប្អូន និងក្មេងៗដូចគ្នាទៅឃ្វាលគោនៅ "វាលស្រែក្រោម" យើងបានកៀងគោ ចុះឆ្ងាយទៅទិសខាងត្បូងសំដៅវាលជិតព្រែក។ ខ្ញុំបានឃើញក្មេងៗមួយក្រម ស្គមៗ សក់កន្ទ្រើង ខ្លះមានតែខោខ្លីឥតអាវ គ្មានទ្រនាប់ជើង ប្រញាប់កៀងគោ ដេញទៅទិសខាងត្បូងទៀត សំដៅព្រែក នៅពេលយើងទៅដល់។

នៅទីនោះ ប្របមាត់ព្រែកជីក មានផ្ទះតៀមតូចៗដំបូលសង្កសីចាំងពន្លឺផ្លេកៗ នឹងចំណាំងថ្ងៃ។ ខ្ញុំបានសួរថា "ក្មេងទាំងនោះនៅភូមិណា? ហេតុអ្វី ពួកវា មកឃ្វាលគោ ឃើញយើងទៅដល់ វាគៀងគោទៅខាងត្បូងទៀត?"។ ក្មេងអ្នកឃ្វាលគោបានប្រាប់ថា "ហ្នុងជាកូនយួន វាលខាងនោះគ្មានស្មៅទេ"។ ក្មេងម្នាក់បានលើកដៃចង្អុលហើយនិយាយបន្ថែមថា "ផ្ទះដំបូលសៗចាំង អស់ហ្នុងជាផ្ទះយួននៅភ្លឺព្រែកម្ខាង"។

ខ្ញុំបានក្រឡេកឃើញដីមួយបន្ទះវែងខ្ពស់ជាងធម្មតាដេញតជាប់គ្នា មានស្មៅ ដុះពីលើ ដូចជាពុំដែលស្គាល់មុខផ្លែផាលនង្គ័លឡើយ។ ខ្ញុំបានសួរថា "ម៉េច គេមិនភ្ជួរដីនេះធ្វើស្រែ?"។ ក្មេងម្នាក់បានឆ្លើយថា "ហ្នឹងជាព្រំដែន"។ ខ្ញុំបាន ដេញខ្សែភ្នែកតាមមើលទៅក៏ឃើញ គុម្ពស្មៅមួយកន្លែងលូតខ្ពស់ ខុសគេឯង ហើយសួរថា "ម៉េចបានជាស្មៅម្ដុំនោះខ្ពស់ជាងគេម្ល៉េះ?"។ ក្នេងម្នាក់បានឆ្លើយ ថា "ដើរទៅមើលទៅ"​។

ខ្ញុំបានដើរសំដៅទីនោះ និងបានឃើញបង្គោលស៊ីម៉ង់បួនជ្រងធំល្មមឈរ ពួនបាំងខ្លួននៅពីក្រោមនិងពីក្រោយចុងគុម្ពស្មៅ ហាក់ពុំបានខ្វល់នឹងទទួល ស្វាគមន៍អ្នកណាទៅមើល ឬទៅឃើញវានោះទេ។

ខ្ញុំបានស្រែកហៅដោយភ្ញាក់ "មកខាងនេះនែ៎!" ប៉ុន្តែ ក្មេងទាំងនេះពុំមាន អ្នកណាម្នាក់ភ្ញាក់ផ្អើលឡើយ។ ពួកគេបានដើរទៅរកខ្ញុំ ដែលសួរថា "បង្គោលអីហ្នឹង? អ្នកណាយកមកបោះនៅ(ត្រង់)ហ្នឹង?"។ ក្មេងឃ្វាលគោ ទាំងនេះបានឆ្លើយនឹងសំណួរទីមួយរបស់ខ្ញុំថា "បង្គោលព្រំដែន"។ ពុំមាន អ្នកណាឆ្លើយនឹងសំណួរទីពីរទេ។ ក្មេងទាំងឡាយមិនចង់ឆ្លើយនឹងអ្វី ដែលវាមិនដឹង មិនចេះនោះឡើយ។ ពួកវាគ្រាន់តែបាននិយាយបន្ថែម លើកដៃចង្អុលទៅឆ្ងាយ ម្ដងឆ្វេងម្ដងស្ដាំថា នៅខាងនោះក៏មានដែរ។

ក្មេងទាំងនេះ មកដល់ពេលនេះ ត្រូវមានអាយុជិតឬជាង៦០ឆ្នាំ។ ខ្ញុំពុំដឹងថា អ្នកណាខ្លះនៃពួកគេនៅរស់មានជីវិត និងនៅចងចាំរឿងបង្គោលព្រំដែននេះ ដែលតែងតែតាមលងអារម្មណ៍ខ្ញុំជិតកន្លះសតវត្សរ៍កន្លងទៅនេះទេ។

យ៉ាងណា ខ្ញុំមានការនឹកកោតស្ងើចក្មេងឃ្វាលគោជាកូនអ្នកស្រែទាំងនេះ កាលសម័យនោះ ដែលស្គាល់បង្គោលព្រំដែនជាតិ បើទោះបីជាពុំបានរៀន សូធ្យ​ឲ្យបានក្លាយជា អ្នកជំនាញកិច្ចការព្រំដែនផែនទីសម័យ ក៏ដោយ។ ការដឹងនិងសេចក្ដីស្មោះត្រង់ចំពោះការពិតរបស់ពួកគាត់មានភាពបរិសុទ្ធ ដោយសារសក្ខីកម្មនៅនឹងកន្លែង បើទោះបីពួកគាត់ជាក្មេងអ្នកស្រុកស្រែ ជាយដែន ជាមនុស្សដំបូងឬសាក្សីបន្ទាល់ ករណីមានការរំលោភបំពាន ពីបរទេសមកលើដីជាតិខ្មែរ ឬករណីមានកាតព្វកិច្ចបន្ទាន់ត្រូវចេញមុខ ទប់ទល់នឹងការបំពាននោះ។

ពួកគាត់ពុំមែនជាអ្នកមានសញ្ញប័ត្របណ្ឌិតឬអនុបណ្ឌិតខាងជំនាញកិច្ចការព្រំដែនផែនទីដែលដេករស់ស៊ីចុកស្រណុកស្រួលនៅក្នុងភូមិគ្រឹះម៉ាស៊ីនត្រជាក់ ជិះរថយន្តទំនើបថ្លៃៗ នៅកណ្ដាលក្រុងដ៏ហ៊ឺហានោះទេ។ ប៉ុន្តែ ពួកគាត់គឺ ជារបងជាតិក្នុងជួរមុខទី១ និងពួកគាត់អាចងាយក្លាយជាជនរងទ្វេគ្រោះ៖
- ការធ្វើទុក្ខបុកម្នេញពីសំណាក់យួនដែលតាមរុកគួនខ្មែរមិនឈប់ឈរ និង
- ការចោទប្រកាន់ពីសំណាក់អាជ្ញាធរខ្មែរឯងថា មិនចេះអត់ឱននិងមានសាមគ្គី ល្អជាមួយអ្នកជិតខាង ឬចេះតែលួចចូលទៅធ្វើស្រែចម្ការលើដីយួន ដែល ពួកអ្នកស្រុកខ្មែរទាំងនេះបានរស់នៅនិងធ្វើស្រែចម្ការតពីដូនតាខ្មែរឯង រាប់សតវត្សរ៍មកនោះ។

រឿង ព្រែកវិញតេ ប្រវែង៥៣គីឡូម៉ែតនេះ យួនបានកេណ្ឌខ្មែរឲ្យជីកផ្លូវទឹក សិប្បនិមិត្តនេះនៅលើដីខ្មែរ ភ្ជាប់ពីសមុទ្រខ្មែរត្រង់ ពាម(យួនហៅហាទៀង) មកទន្លេបាសាក់ដើម្បីធ្វើជាព្រំដែន តាមនយោបាយវាតទីកាត់យកដីខ្មែរ ជាដំណាក់ៗឥតឈប់ឈរ។ ពលករខ្មែររាប់ម៉ឺននាក់បានលង់ឈ្លក់ទឹកស្លាប់ ក្នុងមួយប៉ព្រិចភ្នែក នៅពេលជីកព្រែករួចហើយត្រូវយួនបុកទម្លុះទម្លាយ ជញ្ជាំងព្រែក បង្ហូរទឹកសមុទ្រចូលដើម្បីពន្លិចសម្លាប់ខ្មែរដោយមិនឲ្យដឹងខ្លួន មុន។

ជីតាខ្ញុំនិងឪពុកខ្ញុំបានប្រាប់ថា កាលជំនាន់បារាំង ផ្លូវភូមិបត់បែនក្រវិចក្រវៀន តាមចន្លោះដីចម្ការភូមិនិងផ្ទះអ្នកស្រុក ដូច្នេះពិបាកដល់ការគ្រប់គ្រងរបស់ បារាំង។ បារាំងក៏បានឲ្យកសាងផ្លូវលំថ្មីប្របតាមបណ្ដោយជើងភ្នំ ត្រង់ណានៅកៀកភ្នំ ហើយប្រមូលអ្នកស្រុកឲ្យរើផ្ទះមកតាំងនៅបណ្ដោយផ្លូវ ហែៗទៅ។ ផ្លូវក៏ទៅជាចែកតំបន់ ម្ខាងគឺភ្នំ ល្បាក់ទឹកអូរ ព្រៃ ឬ ចម្ការតូចៗខ្លះ ឯ ម្ខាងទៀតជាដីចម្ការចម្រុះទទឹងប្រមាណជិត១គីឡូម៉ែត។ ផុតពីចម្ការ ទៅទិសខាងត្បូង គឺជាវាលស្រែដែលមានបឹងត្រពាំងនិងព្រៃល្បោះដោយអន្លើ ប្រមាណ៣គីឡូម៉ែត ទៅដល់ក្បែរព្រែកវិញតេ។ ឪពុកខ្ញុំមានស្រែកេរច្រើននៅ ជិត "ត្រពាំងប្រី" ហើយហៅ "ស្រែត្រពាំងប្រី" ដែលនៅជិតព្រំដែននោះ។

No comments:

Post a Comment