Wednesday, June 1, 2016

សម្រង់ពីវគ្គមួយក្នុងរឿងខ្លី ឆត្រក្រហម

... យុវជនម្នាក់ដើរប្រកិតតាមបាំងឆត្រឲ្យយុវតីម្នាក់ ចុះជណ្ដើរពីវត្តភ្នំ។ ព្រះអាទិត្យពេលដើមព្រឹកជះរស្មីស្រទន់បញ្ជ្រៀតពីក្រោមឆត្រក្រហមសាចលើវង់់ភក្ត្រ ជួននឹងខ្យល់ត្រសៀកត្រជាក់រលាក់រលាស់កេសាយុវតី ឃើញប្រិមប្រិយស្រស់ខ្ចីថ្លាដូចស្រទាប់ផ្កាឈូកក្រហមក្រពុំទើបចាប់ផ្ដើមរីក។

យុវតី៖ បងបន់ព្រះថាម៉េច?
យុវជន៖ បើទោះជាព្រះក្នុងដួងចិត្តបងប្រទានពរឲ្យបងជ្រើសរើសអូន. ..
យុវតី៖ ក៏អូនមិនជ្រើសរើសបងដែរ?
យុវជន៖ មិនមែនទេ។ បងចង់ថា ...
យុវតីបានលូកមាត់កាត់៖ ហេតុអ្វី រឿងខ្លួនឯងសោះចាំបាច់រំខានព្រះ?
យុវជន៖ នែ៎! ...
យុវតី៖ បន់ព្រះឲ្យជួយ? បងដឹងទេ ព្រះជួយតែរឿងរវាងព្រះនិងមនុស្ស ឯរឿងរវាងមនុស្សនិងមនុស្ស ព្រះទុកឲ្យមនុស្សជួយខ្លួនឯង។

Comments

Sophy Mey:
សួស្តី លោក Puthpong Sao ! .... ខ្ញុំមិនបដិសេដ្ឋគំនិតលោកទេ .... ខ្ញុំគ្រាន់តែយល់ថា : ឆ័ត្រ ជាពាក្យ ខ្មែរ ដូច្នេះ (ឆ + ត + ្រ) អានថា : (ឆត ) .....មកពីអំណានខ្មែរគឺ : ក ខ គ ឃ ង .....-ល-..... ទាល់តែដាក់ ័ ផង ទើបអាចអានថា : ឆាត់ (ឆ័ត្រ) ។ ..... លើកលែងតែ ពាក្យបាលី ឬ សំស្ក្រិត ដូចជា (ចៈ + កៈ + ្រៈ ) ទើបអានថា: ចាក់ (ចក្រ)  មកពីអំណានដើម គឺ កៈ ខៈ គៈ ឃៈ ងៈ ..... -ល- ..... នេះគ្រាន់តែជាយោបល់ខ្ញុំទេ .... គួរពុំគួរ សូមអធ្យាស្រ័យ !

Puthpong Sao :
លោក Mey Sophy Mey, ខ្ញុំក៏ធ្លាប់តែសរសេរ ឆ័ត្រ ដែរ ប៉ុន្តែមានបញ្ញត្តិថ្មីថា ពាក្យណាដែលសរសេរមានតួព្យញ្ជនៈប្រកបនៅបន្ទាប់មានត្រួតជើងនោះគេមិនប្រើ ័ ទេ។ ម្យ៉ាងទៀត បើ ឆ័ត្រ ឬ ឆត្រ ជាពាក្យខ្មែរសុទ្ធ ឮបែបនេះមុខតែសរសេរ ឆាត់ មិនមែនសរសេរជា ឆ័ត្រ ឬ ឆត្រ ឡើយ។ មានឧទាហរណ៍ ចក្រ អានថា ចាក់/ច័ក ក្សត្រ អានថា ក្សាត់/ក្ស័ត ...

Sophy Mey:
បាទ៎  ! ..... សមហេតុសមផលដែរ : ពាក្យ ចក្រ និង ក្សត្រ ជាពាក្យ សំ. ខ្ញុំមិនពិភ័លទេ ! ...... ចំណែកពាក្យខ្មែរ ព្រ័ត្រ និង ព្រត្រ .... ឆ័ត្រ និង ឆត្រ ក៏ខ្ញុំមិនប្រកែកដែរ ! ..... ប៉ុន្តែចម្លែកណាស់ ចំពោះអ្នកណា ដែលមិនទាន់មានទម្លាប់សរសេរតាមនេះ ..... (ដោយក្តីរីករាយ) ....

Puthpong Sao:
លោក Mey Sophy Mey ពិតមែនហើយ ដូច្នេះហើយបានជាពេលមានបញ្ញត្តិនេះ ក៏មានការផ្ទុញផ្ឋ្ទាល់ថា ចុះពាក្យ ប្រពន្ធ និង ប្រព័ន្ធ វាមិនទៅជាច្រឡំគ្នាទៅហើយទេឬ? គេបកស្រាយថាអ្វីៗ។មានការលើកលែង។ តាមពិតបញ្ញត្តិនេះមិនថ្មីទេ។ កាលមុនឆ្នាំ១៩៧៥ មានការអនុញ្ញាតឲ្យសរសេរ ដូចជា ឧបស័គ្គ ឧបសគ្គ ស័ក្ដិសម សក្ដិសម មិត្តភ័ក្ដិ មិត្តភក្ដិ . ..

Sophy Mey:
អរគុណលោក Puthpong Sao ! ..... ខ្ញុំជម្រាបហើយថា : ពាក្យខ្មែរដែលក្លាយមកពី បាលីនិងសំស្ក្រិត មិនបាច់ប្រើ  ័ ក៏បានដែរ .... ពីព្រោះ យើងអាន " ក ខ គ ឃ ង " ថា : " កៈ ខៈ គៈ ឃៈ ងៈ  " (លើកលែងពាក្យខ្លះ ដូចជា ជ័យ និង ជយ .... ចល័ត និង ចលត បើមិនដាក់ ័ អ្នកអាន អានមិនត្រូវទេ !)

Puthpong Sao:
តាមក្បួនពាក្យខ្មែរ បើជាពាក្យខ្មែរសុទ្ធ តែកាលណាឮអានសំឡេងខ្លីសង្កត់ គេត្រូវសរសេរនឹង ់ (មានបន្តក់) ជា ពិភាល់ ប៉ុន្តែពាក្យនេះខ្ចីពីភាសាបាលី ដូច្នេះសរសេរជា ពិភ័ល ក៏មិនខុសដែរ អាស្រ័យឫសដើមនៃពាក្យ។ គេអនុញ្ញាតឲ្យសរសេរទាំងពីរបែប។

Steven Pak:
Puthpong Sao & Sophy Mey, លោកទាំងពីរពិតជាអស្ចារ្យមែន។ មានអំណះអំណាងដើមី្បការពារខ្លួនបានប្រសើរណាស់។ សូមសរសើរៗ

Vann Chaom Mony Pol:
អត្ថបទនេះមានន័យថា «រឿងរវាងមនុស្សនិងមនុស្ស
ព្រះទុកឲ្យមនុស្សជួយខ្លួនឯង»។ សង្ស័យតែមិនពិតជាដូច្នេះរហូតទេ
ដូចដែលបទនេះ លោកស៊ិន ស៊ីសាមុត ធ្លាប់ច្រៀងថា
«គូខ្ញុំបើព្រាត់គឺព្រាត់ដោយកម្ម មិនមែនចិត្តនាំអោយខ្ញុំឃ្លៀងឃ្លាត..»។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ្នកខ្លះគេថាភាគច្រើនចម្រៀងគ្រាន់តែ
ជាការស្រមើស្រមៃប៉ុណ្ណោះ គ្មានវិទ្យាសាស្ត្រ។

https://www.youtube.com/watch?v=gKeMF49ox50

Puthpong Sao:
កម្មគឺជាទង្វើ។ ក្នុងទស្សនវិជ្ជាអត្ថិភាពនិយម មនុស្សជាអ្នកសម្រេចវាសនាខ្លួនដោយខ្លួនឯង ដូចការប្រៀនប្រដៅរបស់ព្រះពុទ្ធ។ ចម្រៀង កំណាព្យ ប្រលោមលោក ... ជាផ្នែកនៃអក្សរសិល្ប៍ ដែលមាននិន្នាការទស្សនៈ តាមម្ចាស់ស្នាដៃនីមួយៗ។

Vann Chaom Mony Pol:
បង Puthpong Sao, ខ្ញុំមិនពូកែខាងទស្សនវិជ្ជាទេ
ប៉ុន្តែខ្ញុំជឿថា ជំនឿលើអត្ថិភាពនិយមនេះ ស្រដៀងនឹងអ្នកប្រាជ្ញ
លោកខាងលិចថា Existentialism ដែលគេតិះទៀតទស្សវិជ្ជា
សម័យបុរាណថា «អរូប៉ី» ខ្លាំងពេក យកទៅអនុវត្តមិនបាន។
ប៉ុន្តែខ្ញុំយល់ថា អ្វីៗទាំងឡាយ វាផ្សំដោយ «ធាតុ ហើយនិងចិត្ត»។
អត្ថិភាពនូវធាតុតែមួយមុខ ក៏ធ្វើអោយទៅជាស្រវឹងជន់ជោរ
ប្រើវិធីចិត្តតែមួយមុខ ក៏មិនចេះតែសំរេចនូវវាសនា បានដូច
បំណងដែលប៉ងលើសលុប។

Wikipedea "Many existentialists have also regarded traditional systematic or academic philosophies, in both style and content, as too abstract and remote from concrete human experience"

Puthpong Sao:
លោក Pol Vann Chaom Mony, ត្រឹមត្រូវហើយ ទស្សនវិជ្ជាអត្ថិភាពនិយម ជាភាសាអង់គ្លេស existentialism នេះហើយ។ គតិវិទូអាឡឺម៉ង់ Kierkegard ត្រូវគេចាត់ទុកថាជាបិតានៃទស្សនវិជ្ជានេះ។ លទ្ធិនេះផ្ដោតជំនឿលើភាពជាក់នៃគំនិតភ្ជាប់នឹងទង្វើនៃស្មារតីទទួលខុសត្រូវ។ អរគុណ។

No comments:

Post a Comment