Tuesday, June 7, 2016

#ស្រគត់ស្រគំ

នារីខ្មែរពីដើមស្លៀកពាក់របៀបហ្នឹង (អាវមិនវាលកចំហធំពេក មិនឲ្យឃើញលង្វែកទ្រូង គល់សុដន់ ដៃអាវគ្របស្មាបាំងក្លៀកមិនចំហ មិនឲ្យឃើញក្បាលពោះរន្ធផ្ចិត) គ្រាន់តែថា អ្នកណាស្លៀកសារុងក្រៅអាវ គេថាជាអ្នកខែងឫកបន្តិច ពីព្រោះ គេច្រើនដាក់អាវពីក្រៅបាំងផ្នត់ចង្កេះសារុង មើលទៅឃើញ(និងគេថា)ស្រគត់ស្រគំជាង។

កាលសម័យមុនឆ្នាំ១៩៧០ ស្រីខ្មែរមិនស្លៀកខោចង្កេះកៅស៊ូស្ដើង (ដែលជាសម្លៀកចិនយួននោះទេ) គឺគេស្លៀក "សំពត់" ពេលចេញទៅផ្សារ ទៅណាមកណា។ នៅផ្ទះ គេច្រើនតែស្លៀក "សារុង"។

សារុង មានសារុងសម្រាប់ប្រុសៗ ក្រឡា (អំបោះឬសូត្រ) សារុងសម្រាប់ស្រីៗ ជាសារុងផ្កា។ បើជាកុមារី គេស្លៀកសារុងចង្កេះកៅស៊ូ។ មីងៗពេលស្លៀកសារុងធ្វើការ គាត់ចាប់ឆ្មូលពីជង្គង់មកសៀតញាត់ត្រង់ចង្កេះសងខាង ឲ្យជាយសារុងខាងក្រោមមកនៅត្រឹមជង្គង់ ដើរទៅឬធ្វើចលនាបានរហ័សជាង ។

ករណីប្រុសៗស្លៀកសារុង នៅជនបទ ពុំសូវមានទេ។ គេស្លៀកខោ(ឬខោចែវ)ជើងខ្លី ជំនួសវិញ ស្រួលធ្វើការ។

អ៊ំមីងណាធ្លាប់ស្លៀក"ខោចែវ"ឬហៅម្យ៉ាងទៀតថា ខោថ្នេរ៥ នៅផ្ទះ ពេលធ្វើការ ពេលយករបស់របរទៅលក់ឯផ្សារ (ត្រូវស្លៀកសំពត់ឬសារុងពីក្រៅ) ពេលអង្គុយលក់(ផ្សារក្រមួន ហាលមេឃ កណ្ដាលវាល) អង្គុយចោងហោងទៅ ចេញជើងខោចែវកណ្ដាលវាល។

រឿងព្រេងប្រវត្តិអំពី "សំពត់ហូលផាមួងខ្មែរ" ព្រះនាង ទេពធីតាច័ន្ទ្រ ពាក្យអ្នកស្រុកហៅ ទិព្វសូដាច័ន្ទ មាននៅក្នុងកំណាព្យ #rbu_965_ដូចព្រះពិស្ណុការ ។ រក្សាសិទ្ធិ៍ © Copyright rbu_spp Puthpong Sao

No comments:

Post a Comment