Tuesday, June 21, 2016

សៀមកែប្រវត្តិសាស្ត្រលង្វែក



សៀមកែប្រវត្តិសាស្ត្រលង្វែក
(សម្រង់ប្រវត្តិសាស្រ្តខ្មែរ ដោយលោក អាដឺម៉ារ ឡឺក្លែរ អតីត រ៉េស៊ីដង់បារាំង ប្រចាំកម្ពុជា)
ការណ៍ដែលសៀមដណ្តើមយកឈៀងម៉ៃបានពីលាវ នៅរវាងឆ្នាំ១៥៧៣ និងវាយបែកបន្ទាយលង្វែកខ្ចាត់ខ្ចាយនៅអំឡុងឆ្នាំ១៥៩៣ បានធ្វើឲ្យឈ្មោះស្តេចសៀមព្រះណារ៉េត និងពួកសៀម មានកិត្តិនាមល្បីរន្ទឺ។ កាលពីឆ្នាំ១៥៥៥ ពួកប៉េហ្កាន(ភូមា) បានវាយដុតបំផ្លាញរាជធានីអយុធ្យាខ្ទេចខ្ទី រួចនាំជ័យភណ្ឌមួយចំនួនយកទៅ ហើយថែមទំាងបាននាំយកអ្នកស្រុកជាឈ្លើយទៅជាងមួយសែននាក់ផង រហូតប៉េហ្គូ និងហង្សាវតី។
ក៏ប៉ុន្តែ ការដុតបំផ្លាញឈៀងម៉ៃ និងមឿង (ស្រុក ឬប្រទេស ឬទឹកដី)របស់វាល ឬសៀមឯទៀតៗ នៅក្នុងអាងទន្លេមេណាមប៉ែកខាងលើ ពិសេស គឺការដណ្តើមយកបាន រាជធានីលង្វែក នៅក្នុងអំឡុងឆ្នាំ១៥៨៣ ដល់ ឆ្នាំ១៥៩៣ ធ្វើឲ្យកេរ្តិ៍ឈ្មោះពួកសៀម និងស្តេចរបស់ពួកគេឡើងខ្ពស់ត្រដែត នៅក្នុងដួងចិត្តសាធារណជន។
គេ(សៀម) បាននិទានថា ដើម្បីបំពេញព្រះរាជបំណងសងសឹកជាមួយស្តេចខ្មែរ ដែលទ្រង់បានចោទថា សម្តេចខ្មែរក្បត់សៀមនោះ ព្រះណារេត បានលាងព្រះបាទា នឹងលោហិតរបស់ព្រះករុណាកម្ពុជា (យកឈាមស្តេចខ្មែរលាងជើង) នៅថ្ងៃស្អែកឡើង បន្ទាប់ពីសៀមដណ្តើមបានបន្ទាយ ឬរាជធានីលង្វែក និងចាប់បានស្តេចខ្មែររួចមក។
រាជពង្សាវតាសៀម បានចាត់ទុកថា ហេតុការណ៍ ដែលកើតឡើងខាងលើនេះ ជារឿងពិត ប៉ុន្តែ ដូចយើងបានឃើញពីខាងដើមរួចមកហើយថា ព្រះសត្ថា ដែលបានដាក់រាជ្យសម្បត្តិថ្វាយព្រះជ័យដ្ឋាទី១ ជាព្រះរាជបុត្រា ព្រះរាជាទំាងពីរព្រះអង្គនេះ មិនបានគង់នៅបន្ទាយលង្វែក ឬត្រូវបានសៀមចាប់ព្រះកាយបានឡើយ ព្រោះព្រះអង្គបានចាកចេញពី រាជធានី លង្វែក តាំងពីមុនពេលដែលសៀមចូលមកដល់ម្ល៉េះ។
ព្រះអង្គបានសុគតនៅក្នុងឆ្នាំក្រោយមកទៀត នៅឯស្ទឹងត្រែង ឬនៅខេត្តសម្បូរណ៍ (ឥឡូវស្រុកសម្បូរណ៍) ឯណោះ។ នៅទីនោះ គេអាចឃើញមានព្រះចេតីយរបស់ព្រះអង្គ រហូតដល់សព្វថ្ងៃ។
ម្យ៉ាងទៀត ក្រៅពីឯកសារសៀម គេមិនដែលប្រទះឃើញឯកសារណាផ្សេងទៀតនៅកម្ពុជា ដែលបញ្ជាក់ឬនិយាយ អំពីអំបើឃោរឃៅនេះទេ ហើយគេក៏មិនងាយនឹងភ្លេចបានដែរ ប្រសិនបើរឿងនេះ គឺជារឿងពិត ដែលកើតឡើងលើព្រះរាជាខ្មែរមែននោះ។
សម័យនោះ ពួកសៀមនៅមិនទាន់ចេញផុតពីភាពអនារ្យធម៌នៅឡើយទេ ព្រោះសៀមមានអារ្យធម៌ ទាបជាងប្រជាជនកម្ពុជា ឬយ៉ាងហោចណាស់ ក៏ទាបជាងកម្ពុជា មុនដែលកម្ពុជា ចាកចោល ឥន្ទបត្តមហានគរ ឬមុនពេលដែលនាយត្រសក់ផ្អែមឡើងសោយរាជ្យ នៅសតវត្សរ៍ទី១២ដែរ។
(ដកស្រង់ពីសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ របស់លោក អាដឺម៉ារ ឡឺក្លែរ អតីត រ៉េស៊ីដង់បារាំង ប្រចាំកម្ពុជា)
E-mail: info@kkhmer.comTel: +855 966 091 899

No comments:

Post a Comment