Wednesday, June 1, 2016

គួរតែប្រើប្រាស់ពាក្យ "ប្រាសាទអង្គរត្រូវបាន[គេ] '‪#‎ទុកចោលមិនថែទាំ‬'." ជាជាងពាក្យថា "‎បោះបង់ចោល‬'

គួរតែប្រើប្រាស់ពាក្យ "...ប្រាសាទអង្គរត្រូវបាន[គេ] '‪#‎ទុកចោលមិនថែទាំ‬'..." ជាជាងប្រើប្រាស់ពាក្យថា "...ប្រាសាទអង្គរត្រូវបាន[គេ] '‪#‎បោះបង់ចោល‬'..."
Website ក្នុងស្រុកមួយ បានបកប្រែព័ត៌មានពីអត្ថបទបរទេសមួយនិយាយអំពី ការប្រើប្រាស់បច្ចេកវិជ្ជានៃអង្គការអវកាស ណាសា NASA អាមេរិក រកឃើញផ្ទាំងគំនូរបុរាណអាថ៌កំបាំងជាង២០០ផ្ទាំងលើប្រាង្គអង្គរ ...
សម្រង់នៃវគ្គមួយមានសេចក្ដីថា "...ជាលទ្ធផល ក្រុមអ្នកវិទ្យាសាស្ត្រ ក៏ដូចជា អ្នកបុរាណវិទូ ជាច្រើនបានយល់ថា រូបគំនូរបង្កប់នេះ ត្រូវបានបន្សល់ទុកដោយក្រុមមនុស្សដែលបានហែក្បួនមកកាន់ទីតាំងដ៏ស័ក្តិសិទ្ធិមួយនេះ បន្ទាប់ពី ប្រាសាទដ៏អស្ចារ្យនេះ ត្រូវបាន 'បោះបង់ចោល' កាលពីអតីតកាល" ។
ឃ្លា "ទុកចោលមិនថែទាំ" មានអត្ថន័យត្រឹមត្រូវ (ទាំងខ្លឹមសារពាក្យ ទាំងកំណត់ត្រានិងបរិបទប្រវត្តិសាស្ត្រ ទាំងទឹកចិត្តផ្នត់គំនិតរបស់ជនជាតិម្ចាស់ទ្រព្យ ពោលគឺ ជនជាតិខ្មែរ) ជាងឃ្លា "បោះបង់ចោល"។
'ទុកចោលមិនថែទាំ' ក៏អាចប្រើជា 'ទុកនៅមិនថែទាំ' ដែរ ... left/deserted uncared [for]។ អ្វីមួយដែលគេ "បោះបង់ចោល" មានន័យថា ម្ចាស់ទ្រព្យលែងចាត់ទុកជា[កម្មសិទ្ធិ៍]របស់ខ្លួនទៅហើយ។ ពុំមានខ្មែរណាម្នាក់គិតថា ខ្មែរពុំមែនជាម្ចាស់់លើ អង្គរវត្ត នោះទេ សូម្បីតែសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលនិពន្ធបទនគររាជ ... ត្រង់វគ្គ "ប្រាសាទសិលា កំបាំងកណ្ដាលព្រៃ ... " ក៏លោកបង្កប់គំនិតថា ខ្មែរនៅតែជាម្ចាស់អង្គរ មិនបោះបង់អង្គរ ឡើយ។
តាមកំណត់ប្រវត្តិសាស្ត្រ ស្ដេចខ្មែរនៅសម័យក្រោយអង្គរទាំងសម័យ លង្វែក ឱដុង្គ ... នៅតែយាងទៅប្រារព្ធព្រះរាជពិធីនៅអង្គរដដែលដែរ។ អ្នកស្រាវជ្រាវបរទេសបន្តមកដល់ថ្មីៗនេះ ក៏បានបង្ហាញថា ស្ដេចខ្មែរនៅក្រោយសម័យអង្គរ នៅតែចេញចូលអង្គរ ហើយពុំមែនជនជាតិបារាំង អង់រី មូអូត៍ Henri Mouhot ជាអ្នករកឃើញអង្គរមុនគេនោះទេ ប៉ុន្តែជាអ្នកបានផ្សព្វផ្សាយអំពីភាពអស្ចារ្យនៃមហាស្ថាបត្យកម្មនៃ អង្គរវត្ត នៅបស្ចិមប្រទេស ដូច្នេះធ្វើឲ្យពិភពលោករឹតតែស្គាល់ អង្គរ ច្រើនឡើង។
ប្រវត្តិសាស្ត្រ បើប្រើពាក្យពុំត្រឹមត្រូវទេ វានឹងបង្កើតការយល់ខុស ការភ័ន្តច្រឡំ និងនាំឲ្យមានផលវិបាកមិនអាចអាចប្រមាណបាន។ ប្រវត្តិសាស្ត្រមិនបានប្រើពាក្យថា "រត់ចោល" ទេ ប៉ុន្តែ"អ្នកសរសេរប្រវត្តិសាស្ត្រ"បានប្រើពាក្យថា "បោះបង់ចោល"។
កាលសម័យ សាធារណរដ្ឋខ្មែរ មានការជជែកដេញដោលគ្នាក្នុងរង្វង់អ្នករៀបរៀងសៀវភៅប្រវត្តិសាស្ត្រអំពីការប្រើប្រាស់ពាក្យពុំត្រូវនឹងបរិបទនឹងហេតុការណ៍ប្រវត្តិសាស្ត្រ។ ដូចជាការប្រើពាក្យថា សៀមបានចូលមកកៀរគ្រួសារខ្មែរប្រមាណ៩០,០០០គ្រួយកទៅស្រុកសៀម។ ត្រង់នេះ គេបានឲ្យកែតម្រូវ ពីព្រោះ សៀមបានកៀរគ្រួសារខ្មែរមែន ប៉ុន្តែ ពុំមែនយកទៅស្រុកសៀមទេ គឺយកទៅនៅលើដីខ្មែរជាប់ស្រុកសៀមដើម្បី ងាយត្រួតត្រា ផ្ដាច់កម្លាំងកំណែនយៅធាខ្មែរ សេដ្ឋកិច្ចខ្មែរ ...

No comments:

Post a Comment