Monday, June 13, 2016

#ជនជាតិបារាំងនិងជនជាតិជប៉ុន​

#ជនជាតិបារាំងនិងជនជាតិជប៉ុន និយាយភាសាខ្មែរបានល្អជាង ជនបរទេស នានា ដោយសារចំណង់ក្នុងចំណងចិត្តសាស្ត្រ វប្បធម៌ និងប្រវត្តិសាស្ត្រ។ បារាំងដឹងខ្លួនថា បានជួយកម្ពុជាឲ្យរួចពីគ្រោះដណ្ដើមគ្នាលេបដោយយួន និងសៀមផង និង បានប្រព្រឹត្តកំហុសប្រវត្តិសាស្ត្រកាត់ដីខ្មែរកម្ពុជាក្រោម និងកោះត្រល់ឲ្យយួនផង ក្នុងឋានៈជា អាណាព្យាបាលលើកម្ពុជា រយៈពេល៩០ឆ្នាំ (ពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣)។

ឯ ជប៉ុនធ្លាប់ចូលមកជំនួសបារាំងនៅកម្ពុជា កាលសម័យសង្គ្រាមលោកលើក ទី២។ តាៗខ្មែរដែលធ្លាប់ធ្វើជាគូលីកំណែន កាលសម័យបារាំងនិងជប៉ុន ចូលស្រុកខ្មែរនោះ និយាយថាបារាំងនិងជប៉ុនពេញចិត្តនឹងការប្រឹងធ្វើការ របស់ខ្មែរ ជាពលករកំណែនជីកនិងរែកដីនិងថ្មចាក់ធ្វើផ្លូវនិងព្រលានយន្ត ហោះ។ ជប៉ុនឃើញខ្មែរណារែកដីឬថ្មហៀរៗបង្គី តែងតែចង្អុលប្រាប់ឲ្យមើល និងយកគម្រូអ្នករែកកន្លះៗបង្គី ថាអ្នកណាធ្វើការលោភហួសកម្លាំង អាចបាក់ កម្លាំងធ្វើមិនបានយូរទេ។

នៅពេលសម្រាកពីកាងារ  ជនជាតិជប៉ុនដែលចង់ដឹងនិងចូលចិត្តកីឡា ជាពិសេសកីឡាប្រយុទ្ធដូចជាចំបាប់ខ្មែរ តែងតែបបួលបុរសខ្មែរពេញកម្លាំង លេងបោកចំបាប់។ ហើយគ្រាមួយនោះ កំលោះខ្មែរម្នាក់បានបោកនិងជិះ សក្ដិ២ជប៉ុនជាប់រើមិនរួច។ ជប៉ុនបានក្រោកឡើងមិនខឹងសំបារឬគុំគួួនទេ ហើយសើចនិងសរសើរខ្មែរ។

ឯបារាំងវិញ (យោងតាមឯកសារប្រវត្តិសាស្ត្រចងក្រងដោយ ប្រវត្តិវិទូ Milton E. Osborne) ពេលកេណ្ឌយុវជនខ្មែរធ្វើទាហានច្បាំងនឹងអាឡឺម៉ង់ នៅក្នុង សង្គ្រាមលោកលើកទី១និងទី២ នៅអឺរ៉ុប បានកត់សម្គាល់ថា យុទ្ធជនខ្មែរ នៅពេលសម្រាកនិងគេអនុញ្ញាតឲ្យលេងបាល់ទាត់នោះ ខ្មែរពូកែលេងបាល់ ហើយបារាំងសរសើរ គ្រាន់តែខ្មែរឲ្យតែលេងនៅចុងការប្រកួតជិតចប់ តែងតែ ពន្លែងមិនប្រិតប្រៀនដល់ចប់ទេ ដោយបាត់ការប្រុងប្រយ័ត្ន ធ្វេសប្រហែស។

No comments:

Post a Comment