Tuesday, July 12, 2016

#សន្ធិសញ្ញាខ្មែរបារាំង១៨៦៣

សន្ធិសញ្ញានៃកិច្ចព្រមព្រៀងដែលខ្មែរទទួលយកបារាំងមកធ្វើជាអាណាព្យាបាល

"12 July 2015 at 10:33 ·
អ្នកនយោបាយឆ្លាត មិនប្រតិដ្ឋ បង្កើតរឿងឈ្លោះ
នេះក៏ពីព្រោះ ជម្លោះអាច នាំរឿងវែងឆ្ងាយ
រឿងធំបំផុត ជម្លោះអាច ជាគ្រោះនាំជាតិអន្តរាយ
តែអ្នកនយោបាយ កុំបង្ក្លាយ រឿងជាតិរកប្រយោជន៍ខ្លួននិងបក្ស"។

(ព្រះបាទ នរោត្តម ព្រះនាមដើម ច្រឡឹង ឬ រាជាវត្តី បានឡើងគ្រងរាជ្យ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៨៦៤ និងបានសោយទិវង្គត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩០៤ វេលាម៉ោង៥ រសៀល ដោយជំងឺមហារីកថ្គាម។ ឯកសារខ្លះថា ជំងឺបូស)

សន្ធិសញ្ញានៃកិច្ចព្រមព្រៀង ដែលខ្មែរទទួលយកបារាំងមកធ្វើជាអាណាព្យាបាលនេះ មាន១៩មាត្រា៖

មាត្រា១៖ ព្រះចៅអធិរាជ នៃប្រទេសបារាំង នឹងជួយធ្វើអាណាព្យាបាលលើប្រទេសកម្ពុជា។

មាត្រា២៖ ព្រះចៅអធិរាជ នៃប្រទេសបារាំងំនឹងតែងតាំងមន្រ្តីបារំាងម្នាក់ឲ្យធ្វើជាកុងស៊ុល និងធ្វើការអមជាមួយព្រះរាជាខ្មេរ ដើម្បីពង្រឹងការអនុវត្តសន្ធិសញ្ញាដោយប្រទេសទំាងពីរ។ មន្រ្តីបារាំងរូបនេះ នឹងធ្វើការក្រោមបង្គាប់របស់អគ្គមេបញ្ជាការបារំាងនៅក្រុងព្រៃនគរ។ ព្រះរាជាណាចក្រកម្ពុជា នឹងតែងតាំងមន្រ្តីខ្មែរមួយរូបដែរ ឲ្យទៅធ្វើការជាមួយអគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ ក្នុងនាទីជាកុងស៊ុល។

មាត្រា៣៖ ប្រសិនបើ មន្រ្តីបារាំងដែលបានតែងតាំងជាកុងស៊ុលនេះ មករស់នៅលើទឹកដីខ្មែរ មន្រ្តីរូបនេះត្រូវចាត់ទុកជាមានតំណែងខ្ពស់ ហើយត្រូវទទួលការគោរពកោតខ្លាច។

មាត្រា៤៖ ប្រសិនបើមានប្រទេសជាតិដទៃណា ចង់តែងតាំងកុងស៊ុលរបស់ខ្លួន ក្នុង ប្រទេសកម្ពុជា ព្រះរាជា និងមន្រ្តីជាន់ខ្ពស់របស់ព្រះអង្គត្រូវពិគ្រោះយោបល់ពីអគ្គមេបញ្ជាការនៅក្រុងព្រៃនគរ ជាមុនសិន។ លុះត្រាភាគីខ្មែរ-បារំាងពិភាក្សាព្រមព្រៀងគ្នារួចស្រេច ហើយ ទើបប្រទេសនោះអាចតែងតាំងកុងស៊ុលនៅប្រទេសកម្ពុជាបាន។ ប្រសិនបើ ព្រះរាជាខ្មែរ និងមន្រ្តីរបស់ព្រះអង្គទ្រង់មិនយល់ស្របឲ្យជាតិសាសន៍ណាមួយ តែងតាំងកុងស៊ុលរបស់ខ្លួនប្រចាំប្រទេសកម្ពុជាទេ លោកអគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ ក៏ បដិសេធតាមដែរ។

មាត្រា៥៖ ប្រសិនបើជនជាតិបារាំងមានបំណងធ្វើដំណើរទៅមកក្នុងប្រទេសខ្មែរ ដើម្បីធ្វើជំនួញ ឬចង់សង់លំនៅដ្ឋាន លើទឹកដីខ្មែរ ពួកគេត្រូវផ្តល់ដំណឹងជូនរដ្ឋអំណាចខ្មែរ ហើយរដ្ឋអំណាចខ្មែរ នឹងចេញលិខិតអនុញ្ញាត ត្រឹមត្រូវដល់ជនជាតិបារាំងទំាងនោះ ដើម្បីឲ្យពួកគេធ្វើការងារនេះបាន។

មាត្រា៦៖ ប្រសិនបើមានជនជាតិខ្មែរ ចង់ធ្វើដំណើរទៅដែនដីបារាំងវិញ ពួកគេនឹងមានអភ័យឯកសិទ្ធិនិងអំណាចដូចមានចែងក្នុងមាត្រា៥ ខាងលើដែរ។

មាត្រា៧៖
- ប្រសិនបើជនជាតិបារាំង និងខ្មែរមានទំនាស់នឹងគ្នា ភាគីទំាងពីរនឹងត្រូវតែប្តឹងទៅស្ថានកុងស៊ុលបារាំង។ ប្រសិនបើ ក្រោយពីមាការអង្កេតហើយ ទំនាស់នោះមិនអាចដោះស្រាយរួចទេ កុងស៊ុលបារាំងនិងមន្រ្តីខ្មែរ នឹងពិភាក្សាគ្នា ដើម្បីដោះស្រាយទំនាស់នោះឲ្យមានយុត្តិធម៌។
- ប្រសិនបើ ជនជាតិខ្មែរមានទំនាស់ជាមួយជនជាតិខ្មែរ បារាំងមិនលូកដៃចូលដោះស្រាយទេ។
- ប្រសិនបើជនជាតិអឺរ៉ូបណាមួយមានទំនាស់ជាមួយជនជាតិបារាំង មន្រ្តីបារាំង នឹងដោះស្រាយទំនាស់នោះ។
- ប្រសិនបើ ជនជាតិបារាំងបានប្រព្រឹត្តិទោសកំហុសនៅប្រទេសកម្ពុជា អាជ្ញាធរកម្ពុជានឹងជួយកុស៊ុលបារាំង បញ្ជូនជននោះទៅ លោកអគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ ដើម្បីវិនិច្ឆ័យទោស។ ក្នុងករណីអវត្តមានតំណាងកុលស៊ុល ឬមន្រ្តីបារាំងក្នុងប្រទេសកម្ពុជា អគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ នឹងចាត់ចែងការងារនេះជំនួស។

មាត្រា៨៖ ប្រសិនបើមានជនជាតិបារំាងណាម្នាក់ចង់រស់នៅលើកទឹកដី នៃប្រទេសកម្ពុជា ជននោះនឹងទៅចុះបញ្ជីស្នាក់នៅ នៅកុងស៊ុលបារាំង ហើយស្ថានកុងស៊ុលបារាំង និឹងផ្តល់ដំណឹងនេះទៅអាជ្ញាធរកម្ពុជា។

មាត្រា៩៖ ប្រសិនបើជនជាតិខ្មែរចង់ទៅរស់នៅក្នុងប្រទេសបារាំង នឹងចុះបញ្ជីដោយ អាជ្ញាធរកម្ពុជាខ្លួនឯង ឬដោយមន្រ្តីខ្មែរ ដែលតែងតាំងដោយព្រះរាជាខ្មែ ឲ្យទៅធ្វើជាតំណាងនៅក្រុងព្រៃនគរ។

មាត្រា១០៖ ប្រសិនបើឈ្មួញដឹកទំនិញគ្រប់ប្រភេទ លើកលែងតែអាភៀន ពីកំពង់ផែបរទេស ចូលមកលក់ក្នុងប្រទេសកម្ពុជា ហើយបើគេមានការអនុញ្ញាតពីបារាំងពីក្រុងព្រៃនគរហើយ ក្រសួងគយខាងខ្មែរមិនត្រូវយកពន្ធទៀតទេ ក៏ប៉ុន្តែ បើឈ្មួញទំាងនោះនាំអាភៀនចូល ទើបអាជ្ញាធរខ្មែរអាចយកពន្ធបាន។

មាត្រា១១៖ ទំនិញទំាងអស់ ដែលឈ្មួញនាំចេញពីប្រទេសកម្ពុជាទៅលក់ នៅដែនដីកូសាំងស៊ីន ហើយបើក្រសួងគយខ្មែរយកពន្ធរួចហើយ ហើយឈ្មួញនេះមានលិខិតអនុញ្ញាតពីអាជ្ញាធរខ្មែរ ដែលមានចុះហត្ថលេខារួម ពីកុងស៊ុលបារាំងផង នឹងអនុញ្ញាតឲ្យលក់លើទឹកដី ដែលបារាំងកាន់កាប់ ដោយមិនយកពន្ធទៀតឡើយ។

មាត្រា១២៖ ប្រសិនបើ មានជនជាតិបារាំងមកស្រាវជ្រាវវិទ្យាសាស្រ្តនៅប្រទេសកម្ពុជា ជននោះត្រូវបញ្ជូនដំណឹងមកអាជ្ញាធរកម្ពុជា ហើយអាជ្ញាធរកម្ពុជាៈនឹងទំនុកបម្រុងឲ្យគេអនុវត្តការងារ បានដោយសុវត្ថិភាព។

មាត្រា១៣៖
- ប្រសិនបើកប៉ាល់បារាំងត្រូវចោរប្លន់លើទឹកដីកម្ពុជា អាជ្ញាធរមូលដ្ឋានោះ នឹងត្រូវផ្តល់ដំណឹងឲ្យជួយស្រាវជ្រាវអំពីចោរកម្មនេះ ហើយចាប់ចោរប្លន់នោះមកផ្តន្ទាទោសតាមច្បាប់។
- ទ្រព្យសម្បត្តិ ដែលបានមកវិញ ត្រូវឲ្យម្ចាស់ដើមវិញ ហើយបើសង្កេតឃើញថា អាជ្ញាធរខ្មែរបានខិតខំ ប្រឹងប្រែងអស់ពីសមត្ថភាពហើយ នៅតែចាប់ចោរប្លន់មិនបាន និងរក ទ្រព្យដែលបាត់បង់នេះមិនបានមកវិញទេ អាជ្ញាធរនោះក៏មិនដាក់ឲ្យទទួលខុសត្រូវចំពោះអំពើចោរកម្មនេះដែរ។។
- ទម្រង់បែបបទខាងលើនេះ ក៏ត្រូវអនុវត្តចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ជនជាតិបារាំង ដែលស្នាក់នៅប្រទេសកម្ពុជាផងដែរ។

មាត្រា១៤៖
- ប្រសិនបើកប៉ាល់ខ្មែរត្រូវចោរប្លន់លើទឹកដីបារាំង អាជ្ញាធរបារាំង ដែលតាំងនៅក្បែរកន្លែងកើតហេតុបំផុត ក្រោយពីបានដំណឹងនេះហើយ ត្រូវស្រាវជ្រាវរកចោរប្លន់នោះរឹបអូសយកទ្រព្យសម្បត្តិ សម្ភារៈ និងផ្តន្ទាទោសតាមច្បាប់ ហើយទ្រព្យសម្បត្តិដែលរកឃើញ នឹងប្រគល់ឲ្យម្ចាស់ដើមវិញ។ ក្នុងករណីអវត្តមានម្ចាស់ដើម ទ្រព្យសម្បត្តិនេះនឹងប្រគល់ឲ្យមន្រ្តីខ្មែរ ដើម្បីបញ្ជូនបន្តទៅម្ចាស់ដើមវិញ។
- ប្រសិនបើពេលអាជ្ញាធរបារាំងខំស្រាវជ្រាវរកចោរ និងទ្រព្យសម្បត្តិនោះមិនឃើញទេ អាជ្ញាធរនោះក៏មិនត្រូវដាក់ឲ្យទទួលខុសត្រូវចំពោះអំពើចោរកម្មនេះដែរ។
- ប្រសិនបើមន្រ្តីកម្ពុជា ដែលរស់នៅលើទឹកដីបារាំង បាត់បង់ទ្រព្យសម្បត្តិ បែបបទខាងលើ ក៏អាចអនុវត្តបានដែរ។
- ប្រសិនបើអាជ្ញាធរបារាំងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយនៅតែរកចោរនោះមិនឃើញ និងមិនអាចរកទ្រព្យសម្បត្តិដែលបាត់បង់នោះមកវិញទេ អាជ្ញាធរនោះមិនត្រូវដាក់ឲ្យទទួលខុសត្រូវ ចំពោះអំពើចោរកម្មនោះឡើយ។

មាត្រា១៥៖ ព្រះសង្ឃកាតុលិកណា ដែលមានសមត្ថកិច្ចប្រដៅសាសនានៅទូទំាងប្រទេសកម្ពុជា នឹងមិនត្រូវទទួលការរារាំងពីជនជាតិកម្ពុជាណាម្នាក់ឡើយ។ ប្រសិនបើព្រះសង្ឃទំាងនោះចង់សង់វិហារកាតុលិក សាលារៀន មន្ទីរពេទ្យ ត្រូវផ្តល់ដំណឹងទៅអាជ្ញាធរខ្មែរ ដើម្បីសុំការអនុញ្ញាតជាមុនសិន។

មាត្រា១៦៖ ព្រះចៅអធិរាជបារាំង ទ្រង់ទទួលស្គាល់ព្រះរាជា នៃប្រទេសកម្ពុជា ជាព្រះរាជាស្របច្បាប់ ហើយសុខចិត្តជួយព្រះអង្គក្នុងកិច្ចការពារសន្តិភាពនិងមិត្តភាព និងជួយប្រទេសកម្ពុជា ពីសត្រូវរបស់ខ្លួន និងពីការគាបសង្កត់ពីប្រទេសដទៃទៀត។ ព្រះអធិរាជបារាំងនឹងជួយព្រះរាជាខ្មែរដោយព្រះទ័យស្មោះត្រង់ ក្នុងការប្រមូលពន្ធដារពីឈ្មួញ និងជួយឈ្មួញទំាងនោះ ក្នុងការធ្វើដំណើរនៅតាមសមុទ្រ។

មាត្រា១៧៖ ដើម្បីអនុវត្តន៍នូវមាត្រា ដែលចែងខាងលើឲ្យមានភាពងាយស្រួលនិងមានប្រសិទ្ធភាព អគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ ត្រូវការដីមួយកន្លែងនៅម្តុំ ជ្រោយចង្វា ដើម្បីសង់ឃ្លាំងផ្ទុកធ្យូងថ្ម ធ្វើជាជង្រុកស្រូវនិងសម្រាប់ធ្វើជាកំពង់ផែសម្រាប់កប៉ាល់បារាំង។ ព្រះរាជា នៃប្រទេសកម្ពុជា ត្រូវប្រគល់ដីនេះ មានទំហំ១៥សែន ប្រមាណជា កន្លះគីឡូម៉ែត្រ ឲ្យទៅបារាំង។ ប្រសិនបើដីនេះមានវត្តនៅទីនោះ ដីវត្តនោះអាចនៅបន្តជាកម្មសិទ្ធិរបស់វត្តតទៅទៀតបាន។ ព្រះរាជាខ្មែរនិងមន្រ្តីរបស់ព្រះអង្គនឹងពិចារណាដោះស្រាយរកដីជូនភាគីបារាំង ដែលមានលក្ខខណ្ឌដូចខាងលើ។

មាត្រា១៨៖ ដើម្បីដឹងគុណដល់ព្រះចៅអធិរាជបារាំង ក្នុងការធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជា ដើម្បីធ្វើឲ្យមានសន្តិភាពនិងចម្រើនរុងរឿងក្នុងប្រទេសនេះ កម្ពុជាត្រូវយល់ព្រមថា៖

. បើបារាំងចង់កាប់ព្រៃឈើនៅស្រុកខ្មែរ ដើម្បីសង់កប៉ាល់សម្រាប់ព្រះចៅអធិរាជបារាំង កម្ពុជាអនុញ្ញាតឲ្យបារាំងកាប់បាន។ អាជ្ញាធរខ្មែរត្រូវបង្គាប់ទៅអាជ្ញាធរមូលដ្ឋានបន្តទៀតអំពីរឿងនេះ ដើម្បីឲ្យជួយសម្រួលការងារនេះ។ ភាគីបារាំងទទួលបន្ទុកលើការចំណាយផ្សេងៗ ដែលទាក់ទងលើបញ្ហានេះ។
. ប្រសិនបើបារាំងចង់ទិញទំនិញនៅក្នុងប្រទេសកម្ពុជា អាជ្ញាធរកម្ពុជា នឹងអនុញ្ញាតនិងជួយសម្រួលដល់ឈ្មួញបារាំងចំពោះតម្លៃទំនិញនេះ និងត្រូវគិតគូររវាងអ្នកលក់និងអ្នកទិញ។

មាត្រា១៩៖ សន្ធិសញ្ញានេះសន្មត់ចប់ត្រឹមមាត្រានេះ ដែលនៅសេសសល់សុំសច្ចាប័នប្រថាប់ត្រា ពីព្រះចៅអធិរាជបារាំងតែប៉ុណ្ណោះ។ សន្ធិសញ្ញានេះធ្វើឡើងជាបីច្បាប់ ដោយព្រះចៅក្រុងកម្ពុជា សម្តេចអង្គព្រះនរោត្តម ទ្រង់បានឡាយព្រះហស្តលេខានិងប្រថាប់ត្រា ជាមួយលោកអគ្គមេបញ្ជាការបារាំង។

ធ្វើនៅ រាជធានីឧដុង្គមានជ័យ ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣

រក្សាសិទ្ធិ៍ដោយខ្មែរស្នេរ khmersme.com

No comments:

Post a Comment