Saturday, July 2, 2016

‪#‎រឿង_ណេនរោង‬ មានមាត់ទិព្វនេះ

‪#‎រឿង_ណេនរោង‬ មានមាត់ទិព្វនេះ តាមដំណាលព្រេងប្រវត្តិថា ណេនរោង ជាបង រស់នៅនិងបួសជាសង្ឃនៅសុខោទ័យ ទឹកដីខ្មែរដើមនៅភាគខាងជើងនៃស្រុកថៃសព្វថ្ងៃ ហើយចេះវិជ្ជាពិសេសៗ ដូចជា មាត់ទិព្វ រែកទឹកចាក់ពាង ដោយដាក់ទឹកក្នុងជាលភ្នែកក្រួច។ ឯ តេជោដាំឌិន (ដូចឈ្មោះជាភាសាសៀមហៅចេញពីពាក្យខ្មែរនេះបញ្ជាក់ស្រាប់ ដាំ = មុជជ្រែក ឌិន = ដី) ល្បីពូកែខាងវិជ្ជាចម្បាំង ចេះជ្រែកទឹក ជ្រែកដី។ ថ្ងៃមួយ តេជោដាំឌិន បានតាមទៅរកបងដល់សុខោទ័យ ដោយមុជជ្រែកដី។ ពេល តេជោដាំឌិន បានទៅដល់ងើបផុស ពីដីបានមួយកំណាត់ខ្លួន ហៅ លោកបង ហើយ ណេនរោង ក្រឡេកឃើញក៏ភ្ញាក់ភ្លាត់មាត់ថា "នៅ[ត្រង់]ហ្នឹងហើយ" តេជោដាំឌិន ក៏នៅជាប់ត្រង់នោះដូចមាត់ទិព្វរបស់ ណេនរោង ជាបង រហូតក្លាយខ្លួនជាថ្ម កប់ក្នុងដីមួយកំណាត់ខ្លួនទៅ។
រឿងនេះ ជាឧបមានវិធី បកស្រាយព្រឹត្តិការណ៍នយោបាយអ្វីម្យ៉ាង ជាសិល្ប៍វិធីអធិប្បាយដែលដូនតាខ្មែរប្រើប្រាស់តាមកាលសម័យនិយមគ្រានោះ ដូចករណី រឿងដទៃទៀត មាន រឿង ព្រះគោព្រះកែវ ដែលទាក់ទិននឹងការវិវត្តនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរ...។ អំពី រឿង ព្រះគោព្រះកែវ នេះ ពួក ប៉ុល ពត បានមានទស្សនៈមនោគមន៍វិជ្ជាជាតិនិយមមួយ ដោយភ្ជាប់នឹងនយោបាយរបស់ខ្លួន រហូតដល់បញ្ចូលក្នុងបទចម្រៀងបដិវត្តន៍របស់ កម្ពុជាប្រជាធិបតេយ្យ ត្រង់វគ្គ "... ស្វាយនិងកណ្ដោល ទាំងពីរហ្នឹង ងាប់ហើយតែរឹង ..."។
នេះជាការភ្ជាប់នឹង ទស្សនៈបដិវត្តន៍កសិករ (តាមគំនិត មេដឹកនាំនៃ កម្ពុជាប្រជាធិបតេយ្យ) ត្រង់ ស្រ្តីពោះធំឃ្លានផ្លែស្វាយខ្ចី ពឹងប្ដីឲ្យបេះ ប្ដីមិនទាន់បានបេះរួចចេញទៅធ្វើការ ប្រពន្ធទ្រាំមិនបានក៏ប្រវេរប្រវារឡើងបេះហើយធ្លាក់មក ឈឺពោះ ... ប្រសូតបានកូនពីរ មួយបងជាកូនគោ មួយប្អូនជាកូនមនុស្ស គឺព្រះគោនិងព្រះកែវ។ ..
...

No comments:

Post a Comment