តើនាង ធី សុវណ្ណថា យុវនារីសកម្មនយោបាយនិងសង្គម ធ្លាក់សញ្ញាប័ត្រ សម័យប្រលងថ្ងៃទី ២៥សីហាឆ្នាំ២០១៥ មណ្ឌលប្រលងវិទ្យាល័យវត្តកោះ បន្ទប់ប្រលងលេខ១៨ លេខរៀងឈ្មោះ/លេខតុ៤៣២ ដោយយុត្តិធម៌ឬទេ? នេះជាចម្ងល់នៃមជ្ឈដ្ឋានខ្លះ។
អ្នកដែលដឹងច្បាស់ថាយ៉ាងណាៗនោះ មានតែគណៈសាស្ត្រាចារ្យកំណែនិងរដ្ឋមន្ត្រីក្រសួងអប់រំ ប៉ុណ្ណោះ តាមរយៈការស្រាវជ្រាវ។ អ្នកក្រៅពីនេះគ្រាន់តែដឹងថា (កាលនោះ) នាងជានារីដ៏ក្លាហានម្នាក់ដែលហ៊ានប្រកាសនៅតាមទំព័រហ្វេសប៊ុករបស់នាង នៅក្រោយការប្រលងនិងនៅមុនការប្រកាសលទ្ធផលថា បេសកកម្មរបស់នាង តាមពាក្យផ្ទាល់របស់នាងថា "តាមទម្លាក់(នាយករដ្ឋមន្ត្រី) ហ៊ុន សែន ឲ្យបាន"។
តើនេះអាចជាដើមហេតុមួយជាលទ្ធផល "ពងមាន់ជល់នឹងថ្ម" ឬ?។ បើលទ្ធផលនេះទាក់ទងនឹងហេតុការណ៍នានា ដូចដែលនាងបានប្រកាសថា៖ គេបានរំខាន តាមថតរូប និងកត់ឈ្មោះនាង ពេលកំពុងប្រលង នាងបាននិយាយថា "តាមទម្លាក់...ឲ្យបាន ... " នោះ វាគឺជារឿងដ៏អយុត្តិធម៌សម្រាប់នាងនិងអាម៉ាស់មួយរបស់កម្ពុជា ពីព្រោះវាបញ្ជូនសញ្ញាប្រាប់ពិភពលោកថា ការសងសឹកបុគ្គលបង្កើតអយុត្តិធម៌សង្គមដល់យុវនារីដ៏សកម្មនៅក្នុងកិច្ចការនយោបាយនិងសង្គមម្នាក់ ឲ្យក្លាយជាជនរងគ្រោះ។
នៅប្រទេសអេហ្ស៊ីបថ្មីៗបំផុតនេះ សិស្សរៀនពូកែគ្រប់មុខវិជ្ជាម្នាក់ នាង Mariam Malak បែរជាប្រលងបញ្ចប់មធ្យមសិក្សា (បាក់ឌុប) បានពិន្ទុ០ លើគ្រប់មុខវិជ្ជានិងធ្លាក់ការប្រលងទៅវិញ រហូតដល់ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងនៅអេហ្ស៊ីបនិងពាសពេញពិភពលោកតាមហ្វេសប៊ុក។ រដ្ឋមន្ត្រីក្រសួងអប់រំអេហ្ស៊ីបបានសន្យាថានឹងពិនិត្យបញ្ហាមិនប្រក្រតីនេះ។
ខ្ញុំសរសេរកំណត់សម្គាល់នេះដោយសារកាលក្នុងឆ្នាំ២០០៥ ខ្ញុំបានជួបប្រទះនឹងហេតុការណ៍មួយបង្កប់ដោយចម្ងល់និងអាថ៌កំបាំង។ ខ្ញុំបានដាក់ស្នាដៃនិពន្ធសម្រាំងមួយ "ជីវិតប្រែពណ៌" សម្រាប់ពានរង្វាន់ "ព្រះបាទអង្គឌួង" រៀបចំឡើងដោយក្រសួងមួយ។
បញ្ញវន្តខ្លះជាអ្នកដែលបានអានស្នាដៃនេះនៅមុនការដាក់ប្រលង បាននិយាយថារឿងនេះនឹងជាប់ហើយ។ ខ្ញុំខ្លួនឯងបានធ្លោយមាត់ដូចជាទំនាយមួយថា "រឿងនេះ បើគេឲ្យជាប់ គេមិនឲ្យជាប់លេខ២ ឬលេខ៣ទេ។ បើគេឲ្យជាប់លេខ២ ឬលេខ៣ គេមិនឲ្យជាប់តែម្ដង ពីព្រោះ បើឲ្យជាប់លេខ២ ឬលេខ៣ នោះនាំឲ្យយកទៅផ្គូនឹងលេខ១ ហើយឃើញការពិត(គុណភាពស្នាដៃ)"។
ពេលខ្ញុំបានយកសំណៅទៅដាក់នៅមុនចូលឆ្នាំ២០០៥ អ្នកទទួលបានប្រាប់ថាបើរឿងមិនល្អ តែមួយអាទិត្យ គេនឹងហៅឲ្យទៅយកសំណៅវិញ ហើយ "លទ្ធផលនឹងប្រកាសនៅកំឡុងចុងខែឬដើមខែក្រោយ ក្រោយចូលឆ្នាំ"។
ពេលវេលាត្រូវប្រកាសលទ្ធផលបានកន្លងហួសទៅច្រើនថ្ងៃ ខ្ញុំបានហៅទូរស័ព្ទទៅសួរ។ គេបានប្រាប់ថាបានពិនិត្យលទ្ធផលសម្រេចហើយ ប៉ុន្តែឥឡូវ គេសុំពិនិត្យឡើងវិញម្ដងទៀត។ ... ពេលកំណត់ប្រកាសលទ្ធផលលើកទី២ បានកន្លងហួសច្រើនថ្ងៃទៀត ខ្ញុំនៅតែពុំបានទទួលចម្លើយតាមការសន្យា។ ខ្ញុំបានហៅទូរសព្ទសួរ គេបានប្រាប់ថា លទ្ធផលប្រកាសរួចហើយ។
តើអ្វីៗដូចទំនាយឬ? ខ្ញុំបានសួរគេថា តើប្រលោមលោកនិងកំណាព្យជាប់លេខ១ លេខ២ និង លេខ៣ មានចំណងជើងអ្វីខ្លះ អ្នកនិពន្ធមានឈ្មោះអ្វី? ចម្លើយនោះប្រហាក់ប្រហែលនឹងអ្វីដែលខ្ញុំបាននិយាយ "..." ដែលក្លាយជាទំនាយ។ គេថា "ពុំមានលេខ១ទេ មានតែលេខ២ និងលេខ៣"។ ខ្ញុំបានពឹងប្អូនប្រុសខ្ញុំទៅយកសំណៅមកវិញ គេបានប្រាប់ប្អូនខ្ញុំថា "គាត់សរសេរបានល្អណាស់" រួចគេបានហុច "ប្រធានបទ" សម្រាប់ឆ្នាំក្រោយឲ្យប្អូនខ្ញុំយកមកឲ្យខ្ញុំ ថាគេមិនទាន់ប្រកាសជាសាធារណៈអំពីប្រធានបទថ្មីនេះទេ តែគេប្រាប់ខ្ញុំមុន "ពីព្រោះគាត់សរសេរល្អណាស់"។ ប្អូនខ្ញុំបានសួរគេថា "ចុះបើគាត់សរសេរល្អ ម៉េចក៏មិនជាប់?"។ គេគ្រាន់តែញញឹមជាចម្លើយតប។
ខ្ញុំគ្រាន់តែចង់និយាយរឿងមួយអំពីការគួរយល់កាលៈទេសៈ របៀប ពងមាន់ដឹងថាមិនអាចជល់នឹងថ្ម ប៉ុន្តែ វាថាវាមិនជល់នឹងថ្ម ពីព្រោះថ្មរឹងមិនស្មើនឹងសំបកវា។
ការធ្លាក់នៃស្នាដៃសម្រាំងនោះរបស់ខ្ញុំមានមូលហេតុមួយ គឺ "ពងមាន់វាពុំព្រមនិយាយថា ថ្មរឹង"។
Thy Sovantha
ស្ទើរមិនគួរឲ្យជឿ លទ្ធផលបាក់ឌុបរបស់ខ្ញុំគឺ "ធ្លាក់"
ខ្ញុំមិនប្រឆាំងតវ៉ា និងមិនធ្វើបាតុកម្ម ប្រឆាំងលទ្ធផលប្រឡងនេះទេ
តែខ្ញុំនឹងស្នើសុំក្រសួងអប់រំ ដើម្បីពិនិត្យកំណែវិញ្ញាសាររបស់ខ្ញុំ
ខ្ញុំមិនប្រឆាំងតវ៉ា និងមិនធ្វើបាតុកម្ម ប្រឆាំងលទ្ធផលប្រឡងនេះទេ
តែខ្ញុំនឹងស្នើសុំក្រសួងអប់រំ ដើម្បីពិនិត្យកំណែវិញ្ញាសាររបស់ខ្ញុំ
No comments:
Post a Comment