Saturday, May 14, 2016

រឿង​ ព្រះ​ប្រជា​កុមារ​

រឿង "ព្រះប្រជាកុមារ" ដែលព្រះករុណាព្រះមហាក្សត្របានសម្ដែងតួ ព្រះរាជកុមារ កាលក្នុងឆ្នាំ១៩៦៦ គឺ៥០ឆ្នាំមុន។ កាលនោះនៅរដូវរួចពីការច្រូតកាត់ប្រមូលផល ក្រុមរថយន្តភាពយន្តចល័តនៃក្រសួងឃោសនា ការតែងតែទៅបញ្ចាំងភាពយន្តតាមជនបទ ជូនប្រជារាស្ត្រទស្សនាកម្សាន្ត ពីព្រោះសម័យនោះនៅពុំទាន់មានទូរទស្សន៍តាមផ្ទះនៅជនបទ

ប្រជារាស្ត្របានស្កាត់ឆ្លងឃុំស្រុកដោយមានយកកន្ទេលទៅក្រាលអង្គុយតគ្នានៅវាល ជាវាលស្រែ វាលតារាងបាល់ទាត់ ឬ តាមផ្លូវទូលាយ គឺទីណាដែលមនុស្សអាចមើលភាពយន្តលើផ្ទាំងកំណាត់សំពត់សដែលមើលបានទាំងពីមុខនិងពីក្រោយ។

នោះជាឱកាសកម្សាន្តរបស់អ្នកជនបទ ដូចតែពួកគាត់ចូលចិត្តមើល ល្ខោនបាសាក់ឬយីកេតាាមវាលដែរ។ អ្នកដែលមានចំណូលចិត្តខាង លក់ដូរ ក៏ឆ្លៀតឱកាសនេះ លក់ដូរនំចំណី (សណ្ដែកដីលីង ស្ងោរ ពោត ស្ងោរ អាំង និងអ្វីៗ តាមការជ្រើសរើសរបស់ខ្លួន)។ អ្នកលក់ទាំងនេះ ដាក់តាំងនំចំណី ជាជួរខ្សែហែអមផ្លូវដើរ បំភ្លឺដោយចង្កៀងប្រេងកាតឬទៀន។

ទស្សនាខ្សែភាពយន្តនេះ ធ្វើឲ្យនឹកឃើញជីវភាពសង្គមសុខក្សេមក្សាន្តកាលសម័យនោះ ដែលប្រជារាស្ត្រទូទៅហៅ សម័យសន្តិភាព សង្គមរាស្ត្រនិយម។

https://m.facebook.com/story.php?story_fbid=564842500356530&id=496247047216076

No comments:

Post a Comment