Thursday, October 6, 2016

#តម្លៃគុណគ្រូ

កាលក្នុងឆ្នាំ១៩៨៥ ពេលខ្ញុំកំពុងបង្រៀនគណិតវិទ្យា មិត្តចាស់ខ្ញុំម្នាក់ដោយចៃដន្យ(*)បានជួបខ្ញុំក្រោយពីបែកគ្នាតាំងពីមុនរបបខ្មែរក្រហម។

យើងបានសំណេះសំណាលសួរសុខទុក្ខគ្នានិងនិយាយអំពីនេះអំពីនោះ ... ។ គាត់ជាគ្រូបង្រៀន .. និងបាននិយាយអំពីការងារគ្រូបង្រៀន និងត្រង់ចំណុចមួយ គាត់បានប្រើពាក្យថា៖

"សម័យនេះ(កាលនោះ)អ្នកណាធ្វើគ្រូ គេថាជាពពួកមនុស្សគេចពីកាតព្វកិច្ចយោធា។ គ្រាន់តែយើងដាក់ប្រវត្តិរូបចូលធ្វើគ្រូ គេតាមសួរដេញដោល គេថាយើងគេចពី(ការធ្វើ)ទាហាន។ គេពុំ(សូវ)ឲ្យតម្លៃលើគ្រូបង្រៀនប៉ុន្មានទេ(ស៊ិក)"។

កាលនោះជាសម័យដែល"គេចាប់ទាហាន"។

ហើយខុសពីសម័យមុនសង្គ្រាមដែលមនុស្សស្រឡាញ់អាជីពគ្រួូបង្រៀន ដែលសង្គមលើកតម្លៃនិងផ្ដល់កិត្តិយសខ្លាំងនិងមានប្រាក់ខែខ្ពស់នោះ សម័យឆ្នាំ១៩៨០ប្លាយ កូនអ្នកមាននិងអ្នកមានខ្សែបណ្ដាញបក្ស គេមិនជ្រើសរើសយកការរៀនដើម្បីក្លាយជាគ្រូបង្រៀនដែលគេគិតថាមានជីវភាពលំបាកនោះទេ ប៉ុន្តែគេរៀនខាងពេទ្យដែលគេគិតជាពិសេសថាជាអាជីពស្រួលរកលុយបាន។

បើជាប្រុសកាលនោះ អ្នកធ្វើពេទ្យនិងនគរបាលងាយស្រួលរកប្រពន្ធជាងគ្រូបង្រៀន។

អំពីវិស័យអប់រំសិក្សាធិការជាតិ នៅកម្ពុជា លោកបណ្ឌិត សំភុតប្រាសឺតស្រ៊ី អតីតតំណាងនៃអង្គការ យូនេស្កូ ប្រចាំនៅកម្ពុជា និងលោកបណ្ឌិតសេដ្ឋវិទូ សុក ហាច អតីតមន្ត្រីធនាគារពិភពលោក បានមានប្រសាសន៍ថា កាលអំឡុងទសវត្សរ៍ទី ៥០និង៦០ (សម័យសង្គមរាស្ត្រនិយម) ការសិក្សាអប់រំនៅកម្ពុជាមានកម្រិតគុណភាពខ្ពស់។

លោកបានអធិប្បាយថា កាលនោះរាជរដ្ឋាភិបាលបានវិនិយោគខ្ពស់ណាស់លើវិស័យអប់រំ ហើយមានតែ កម្ពុជានិងសឹង្ហបុរី ទេដែលផ្ដល់ប្រាក់ខែជូនគ្រូបង្រៀនខ្ពស់ជាងគេនៅក្នុងតំបន់។

គ្រូបឋមសិក្សាសម័យសង្គមរាស្ត្រនិយមមានប្រាក់ខែ ប្រមាណ៣,០០០រៀល គឺ១តម្លឹងបើគិតជាមាស។ ឯគ្រូមធ្យមសិក្សា(បឋមភូមិនិងទុតិយភូមិ)និងឧត្តមសិក្សាមានប្រាក់ខែផងនិងប្រាក់ម៉ោងផង។

សម្រាប់កាតព្វកិច្ចបង្រៀនមួយសប្ដាហ៍ប្រមាណ ២៦ម៉ោង(គ្រូបង្រៀននៅមធ្យមសិក្សាបឋមភូមិ) រដ្ឋបែងចែក១៨ម៉ោងជាការបង្រៀនដែលរដ្ឋជូនប្រាក់ខែ។ ឯ៨ម៉ោងទៀតគេហៅសាមញ្ញថា ប្រាក់ម៉ោង ដែលមួយម៉ោងៗរដ្ឋបង់ឲ្យគ្រូពី១៥០រៀលទៅ១៨០រៀល តាមកម្រិតឋានៈ (កាលនោះគុយទាវ១ចានមានតម្លៃតែ ៣រៀល ក្រោយមកឡើង៥រៀល ដូច្នេះបង្រៀនតែ១ម៉ោង គ្រូបានការតបស្នងពីរដ្ឋស្មើនឹងគុយទាវ៥០ឬ៣០ចាន ចិញ្ចឹមគ្រួសារបានយ៉ាងងាយ ដោយពុំទាន់គិតដល់ប្រាក់ខែផងទេ)។ ឯគ្រូមានបរិញ្ញប័ត្រនិងគ្រូឧត្តមសិក្សាមានប្រាក់ខែរឹតតែខ្ពស់។

សូមគណនាទៅមើល ត្រឹមតែប្រាក់ម៉ោងប៉ុណ្ណោះ ១សប្ដាហ៍ ៨ម៉ោង គ្រូបង្រៀននៅមធ្យមសិក្សាបឋមភូមិម្នាក់បានប្រាក់១,៥០០រៀលទៅ១,៨០០រៀល គឺស្មើនឹង ជាង៤ជីទៅ៦ជីមាស និង ១ខែបានជាង១តម្លឹង៦ជី ទៅ ២តម្លឹង៤ជីមាស។ ចុះនៅប្រាក់ខែទៀតនោះ! (លោក វ័ណ្ណ ម៉ូលីវ័ណ្ណ ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំសិក្សាធិការជាតិ កាលសម័យសង្មមរាស្ត្រនិយម)។

(*)ខ្ញុំប្រើពាក្យចៃដន្យដោយសារតែ រៀងៗខ្លួនយើងម្នាក់ៗពុំបានគិតថានឹងជួបគ្នាឡើយដោយពុំដឹងថានរណានៅរស់ឬស្លាប់ទេឆ្លងកាត់ របប៣ឆ្នាំ៨ខែនោះ និងម្យ៉ាងទៀតគាត់ទៅទីនោះដើម្បីទៅលេងញាតិគាត់ដោយគាប់ចួនមានផ្ទ្ទះនៅម្ដុំនោះ)។ គាត់ទើបតែចូលនិវត្តន៍ពីការបង្រៀននៅសាកលវិទ្យាល័យរដ្ឋមួយ។
...

No comments:

Post a Comment