Wednesday, October 19, 2016

#សិល្បៈ

Cambodia Idol អាចមានអយុត្តិធម៌ច្រើន
រឿងអាចមានអយុត្តិធម៌ចៀសមិនផុតនោះគឺគេឲ្យនរណាបោះឆ្នោតប៉ុន្មានដងក៏បាន។ គេប្រកាសប្រាប់របៀបឃោសនាឲ្យអ្នកបោះឆ្នោតតាមទូរស័ព្ទ"ដាក់លុយទូរសព្ទឲ្យច្រើនៗ"។ គេគួរណាស់តែដាក់កំហិតថា លេខទូរសព្ទ១ អាចបោះឆ្នោតឲ្យបេក្ខជនម្នាក់បានតែម្ដងប៉ុណ្ណោះ។
ហើយមេប្រយោគជាអ្នកចម្រៀងអ្នកភ្លេងចាស់ៗ ល្បីៗ គួរតែធ្វើជាអ្នកសម្រេចលទ្ធផល។ ស្រុកខ្មែរមិនមែនដូចអាមេរិក អង់គ្លេស ...ដែលអ្នកបោះឆ្នោតចេះបែងចែក គុណភាព គុណសម្បត្តិក្នុងយុត្តិធម៌ទេ។
កាលប៉ុន្មានឆ្នាំមុន កាសែត online មួយបានបង្កើតកម្មវិធីប្រកួតប្រជែងស្នាដៃនិពន្ធរឿងខ្លី យករង្វាន់ iPad។ គេបានប្រកាសថា លើកស្ទួយការតែងនិពន្ធនិងការអាន។ ប៉ុន្តែ គ្មានគណៈមេប្រយោគជាគ្រូអក្សរសាស្ត្រអក្សរសិល្ប៍ គ្មានមន្ត្រីព៏ស្ថាប័នឬក្រសួងពាក់ព័ន្ធចូលរួមពិនិត្យវាយតម្លៃទេ។ គេឲ្យបោះឆ្នោតយកសំឡេងច្រើន។ ខ្ញុំបានតាមដានមើលហើយសួរគេថា ធ្វើម៉េចដឹងគុណភាពពិតនៃស្នាដៃ គេឆ្លើយបែបអេះអុញ។
ពេលចេញលទ្ធផលខ្ញុំឃើញស្នាដៃលេខ១នោះ ខុសច្រើន៖ អត្ថបទ អត្ថរូប អត្ថន័យ អត្ថរស ... ដូចសម្លខ្វះគ្រឿង។
បែបនេះជាយុទ្ធនាការរបស់ក្រុមហ៊ុនឱកាសនិយមផ្នែកកម្សាន្ត និងពុំមែនជាការលើកស្ទួយផ្នែកនិពន្ធ សំណេរ អំណាន សិល្បៈ ចម្រៀង ... ស្អីនោះទេ កុំថាឡើយដល់ទៅលើកស្ទួយវប្បធម៌ជាតិនោះ។
អ្នកចម្រៀងសព្វថ្ងៃនៅពុំទាន់អាចរើសបានអ្នកដែលមានសមត្ថភាពនិងកម្រិតសំឡេងឲ្យហៅថា តារា នោះនៅឡើយទេ។ គឺបានល្អតែត្រង់កាយវិការ បើទោះបីពុំទាន់ដល់កម្រិតប្រដំប្រសងនឹងអន្តរជាតិនៅឡើយក៏ដោយ។
ប៉ុន្តែបើនិយាយអំពីគុណភាព សមត្ថភាពបញ្ចេញសំឡេងវិញ ឃើញថា មានកម្រិតត្រឹមតែប្រមាណ៤០%នៃកម្រិតតារា។ បើអ្នកដែលគេហៅពេញៗមាត់ដោយឥតអៀនសព្វថ្ងៃនេះថាជា កំពូលៗតារា នោះប្រលងកាលសម័យទសវត្សរ៍ទី៥០ ៦០ និង ៧០ (មុនរបប ប៉ុល ពត) នោះប្រាកដជាគេឲ្យធ្លាក់តាំងពីជុំដំបូងម្ល៉េះ។
រឿងគួរឲ្យហួសចិត្តមួយគឺ ក្នុងនាមនៃរបស់ដែលគេប្រើពាក្យថា លើកស្ទួយវិស័យសិល្បៈកម្ពុជា នោះ ទូរទស្សន៍មួយបានចាក់ផ្សាយរូបវីដេអូ សិស្សសាលាក្មេងៗអាយុខ្ទង់ក្រោម១០ឆ្នាំ ស្លៀកពាក់ឯកសណ្ឋានសិស្សរាំបទទំនុកឮ bonanaza...(?) ឲ្យក្មេងស្រីៗស្លៀកសំពត់ខ្លីលើភ្លៅឈរជាជួរកន្ធែកជើង និងឲ្យសិស្សប្រុសៗមុជក្បាលវារលូនចូលពីក្រោមភ្លៅសិស្សស្រីៗ។ តើនេះជាសិល្បៈលើកស្ទួយវប្បធម៌ជាតិខ្មែរឬ(ចង់ឬមិនចង់)ជាការពង្វក់ខួរក្បាលកូនខ្មែរតាំងពីតូចៗ ដើម្បីតែផលប្រយោជន៍ក្រុមហ៊ុនកម្សាន្ត entertainment company ?
សូមចាប់អារម្មណ៍និងរកចម្លើយទាំងអស់គ្មា។

No comments:

Post a Comment