Sunday, April 17, 2016

#rbu_ចប់សង្គ្រាមចូលវាលនរក​



ក្នុងអំឡុងខែមីនា១៩៧៦ ខ្ញុំបានស្ដាប់ឮការផ្សាយនៃវិទ្យុកម្ពុជាប្រជាធិបតេយ្យ
អំពីសេចក្ដីថ្លែងផ្ទាល់នៃសម្ដេចព្រះ នរោត្តម សីហនុ (ជាភាសាខ្មែរនិងបារាំង)
អំពីការសុំ ចូលនិវត្តន៍របស់ព្រះអង្គពីឋានៈជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិប
តេយ្យ។ បន្ទាប់មក លោក ហ៊ូ នឹម (កាលនោះនៅជារដ្ឋមន្ត្រីក្រសួងឃោសនា
ការនៃរបបនោះ) បានឡើងថ្លែងបន្តអំពី "ការសង់វិមានអនុស្សាវរីយ៍(sic!)"មួយ សម្រាប់ព្រះអង្គ និងការឧបត្ថម្ភថវិកាបំណាច់ ៨,០០០ (ប្រាំបីពាន់) ដុល្លារ ក្នុង
មួយឆ្នាំសម្រាប់ជីវភាពព្រះអង្គនិងរាជវង្ស។

បន្តមកទៀត លោក ខៀវ សំផន ដែលចូលកាន់តួនាទីជាប្រមុខរដ្ឋជំនួសព្រះអង្គនោះ ក៏បានឡើងថ្លែង..(ប្រយោគមួយរបស់គាត់កាលនោះដែលខ្ញុំនៅចាំច្បាស់បំផុតគឺ)"..ពួកវាមិនស្គាល់ស្រែលើនិងស្រែជម្រៅ(sic!)"។

វាជា"ការពិត"ដែលអ្នកផ្សារប្រមាណ៧០%(រួមទាំងអ្នកភៀសខ្លួន)សរុបចំនួនបីលាននាក់អាចមិនស្គាល់"ស្រែលើនិងស្រែជម្រៅ" ប៉ុន្តែការពិត មេដឹកនាំម្នាក់មិនមែនត្រឹមតែ "មិនគួរ"នោះទេ ប៉ុន្តែ"មិនត្រូវ"និយាយឡើយ ពីព្រោះវាបញ្ឆេះឲ្យមានការរើសអើងនិងស្អប់គុំគ្នា ... រវាងខ្មែរ អ្នកនៅស្រែ និងអ្នកនៅផ្សារ .. ដូចផលវិបាកវា គឺការស្លាប់មនុស្សខ្មែរ ជាង ១លាន៧សែននាក់ ...

នៅពេលស្ដាប់ឮការផ្សាយនោះ ខ្ញុំពុំដឹងថា អ្នកជន្លៀសចេញពីតំបន់ផ្សារមានប្រតិកម្មយ៉ាងណាទេ ពីព្រោះគ្រួសារខ្ញុំត្រូវអង្គការដាក់ឲ្យរស់នៅជាមួយអ្នកមូលដ្ឋាន។ សម្រាប់ចាស់ៗមូលដ្ឋាន ដែលខ្ញុំបានឮពួកគាត់និយាយគ្នាផ្ទាល់នោះ ពួកគាត់ បានព្រួយខ្វល់ថា "អង្គការមានផែនការយាយីព្រះអង្គ" ដែលចាស់ៗអ្នកមូលដ្ឋានទាំងនោះ ចាត់ទុកព្រះអង្គថាជាអ្នកមានបុណ្យ(sic)។ ហេតុផលដែលអង្គការទុកឲ្យគ្រួសារខ្ញុំនៅជាមួយអ្នកមូលដ្ឋាននោះ ក្រៅពីសហករណ៍ភូមិថ្មីមានការរៀបរយហើយនោះ គឺអាចមកពីកត្តា ២យ៉ាង៖

ទីមួយ៖ គ្រួសារខ្ញុំបានទៅដល់ស្រុក កំណើតជីតាខាងម្ដាយខ្ញុំ (ឃុំក្រពុំឈូក កោះ
អណ្ដែត តាកែវ) នៅខែមិថុនា ចុងរដូវដកស្ទូង (គ្រួសារខ្ញុំបានចេញពីវត្តកោះ ភ្នំពេញនៅព្រឹកថ្ងៃ១៧មេសា១៩៧៥ ដល់ក្បាលថ្នល់ ភ្នំពេញ នៅព្រលប់ថ្ងៃដដែល។ ដោយឥតបានសម្រាកនោះ ពីក្បាលព្រលប់នៅគល់ស្ពានព្រះមុនីវង្សត្រើយខាងលិចនោះ យើងបានឆ្លងស្ពាននិងដើររំកិលដល់វត្តនិរោធរង្សី(ចម្ងាយ១គីឡូម៉ែតពីគ្នា)នៅពេលព្រលឹមស្រាងៗ នៃថ្ងៃ១៨មេសា... ដើរប្រជ្រៀតគ្នាតាមដងផ្លូវណែនណាន់..ទៅឆ្លងដនៅរោងចក្រដីឥដ្ឋទៅត្រើយម្ខាង តាមបញ្ជាអង្គការ .. ទៅវត្តអង្គរាជ .. ។

ដោយបានឮតម្អូញរបស់អ្នកស្រុកនិងកម្មាភិបាលមូលដ្ឋានជំនុំុំគ្នាអំពីកង្វល់លើបញ្ហាកង្វះស្បៀង និងពុំចង់ទទួលអ្នកថ្មីនៅជាមួយនោះ ខ្ញុំបានរៀបផែនការថ្មី "ព្យាយាមទៅឲ្យដល់ស្រុកកំណើត" ដោយមានគំនិតតែម្យ៉ាងគឺ បើគង់នឹងស្លាប់ក៏ឲ្យបានអ្នកស្រុកអ្នកស្គាល់ដឹងឮ។ ពេលយើងឈប់ហូបបាយតាំងពីយប់សម្រាកនៅវត្ត អង្គរាជ ខ្ញុំបានប្រាប់ប្អូនបន្ទាប់ខ្ញុំអំពីផែនការនេះ "គេចខ្លួនទៅស្រុក"។ (ABC) គេចសរសៀរតាមផ្លូវមាត់ព្រែក(ពីព្រ
លឹម) ដើរឥតឈប់ពេញមួយថ្ងៃដល់ ព្រែកជ្រៃ នៅពេលព្រលប់ ..តវ៉ា(ដោយពាក្យ
ទន់ភ្លន់)ទារអង្គការបានឆ្លងមកផ្លូវជាតិលេខ១វិញ ត្រង់កំពង់ស័ក្តិ២ .. ចុះសរសៀរ
តាម កំពង់ភ្នំ ភូមិថ្មី បន្តទៅ ដំរីឆ្លង ... តវ៉ានឹងអង្គការទៀត បានឆ្លង ព្រែក ត្រង់ កោះ
ខែល ... បន្តទៅស្ពានព្រែកអំបិល ... ចូលស្រុកព្រៃកប្បាស ឆ្លងស្រុក សំរោង ស្រុក ត្រាំកក់ អង្គរជ័យ(តានី) គិរីវង់ ដល់ក្រពុំឈូក កោះអណ្ដែត។

ទីពីរ៖ អង្គការដែលទើបបានសម្លាប់គ្រួសារពូមីងខ្ញុំ ពីរគ្រួសារនោះ បានព្យាយាម
ចាប់កំហុសគ្រួសារខ្ញុំទៀត ដូចជាការព្យាយាមបញ្ចុះបញ្ចូលឲ្យយើងព្រមទៅរស់
នៅ"កម្ពុជាក្រោម" ដែលខ្ញុំគិតត្រូវថា គឺកម្ពុជាក្រោមដី ឬការជីកស្មៅទាំងឫស ...

(ការអានមានប្រយោជន៍៖ http://r-b-u.blogspot.com)

No comments:

Post a Comment