Wednesday, August 31, 2016



Sovanndara Seng à វេទិកាអ្នកអក្សរសាស្ត្រខ្មែរ
ថ្ងៃនេះ ខ្ញុំបាទ សុវណ្ណដារ៉ា សូមលើកមកបង្ហាញមិត្តទាំងអស់គ្នានូវអត្ថបទតូចមួយក្រោមចំណងជើងថា: "ស្វែងយល់ខ្លះៗអំពីរឿងរាមកេរ្ដិ៍" ដូចមានសេចក្ដីចុះផ្សាយដូចតទៅ : 

រឿងរាមកេរ្ដិ៍ គឺជាមត៌កអក្សរសិល្ប៍ខ្មែរមួយដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានស្គាល់និងអោយតម្លៃខ្ពស់ថាជាវណ្ណកម្មមាសដ៏មានតម្លៃមិនអាចកាត់ថ្លៃបានបន្ទាប់ពីប្រាសាទអង្គរវត្ត។ រឿងនេះត្រូវបានក្រសួងអប់រំជាតិដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សានៅកម្រិតមធ្យមសិក្សាចាប់ពីឆ្នាំ១៩៥៨ រហូតដល់ឆ្នាំ១៩៧៥ និងរហូតមកសព្វថ្ងៃរឿងនេះក៏នៅតែស្ថិតនៅក្នុងកក្មវិធីសិក្សាដដែល។ ម្យ៉ាងវិញទៀត រឿងនេះត្រូវបានអ្នកសិក្សាជាតិ និងអន្តរជាតិលើកយកមកសិក្សា និងពិភាក្សាគ្នាមិនចេះដាច់ឡើយ ហើយការសិក្សាទាំងនោះនៅតែបន្តជាមួយប្រធានបទថ្មីដែលបានបង្កប់នៅក្នុងសាច់រឿងនេះ។ 

ជុំវិញបញ្ហាអ្នកនិពន្ធ គឺរហូតមកដល់បច្ច្ុប្បន្ននេះមិនទាន់មានការសិក្សាស្រាវជ្រាវណាមួយដែលអាចសន្និដ្ឋានបានថា អ្នកនិពន្ធរឿងនេះជាអ្នកណា? មានការសិក្សាខ្លះបានផ្ដល់នូវសម្មតិកម្មចំពោះបញ្ហានេះថា ប្រហែលជារឿងនេះមានអ្នកនិពន្ធ២រូបផ្សេងគ្នា គឺមិនមែនមានអ្នកនិពន្ធតែមួយរូបនោះទេ។ ប្រសិនណាជាយើងលើកយករឿងនេះមកផ្ទៀងផ្ទាត់គ្នារវាងដុំពីខ្សែ ១ ដល់ខ្សែ ១០ ជាមួយនិងសុំមួយទៀតពីខ្សែ ៧៥ ដល់ ៨០ នោះមកធ្វើការវិភាគមើលអោយបានច្បាស់លាស់ជុំវិញការប្រើប្រាស់ពាក្យពេចន៍នៅក្នុងសាច់រឿង គឺមានការខុសគ្នា ដែលបង្កជាបច្ច័យធ្វើអោយយើងទាញសម្មតិកម្មបានថា :

១.ពីខ្សែ ១ ដល់ ១០ មានអ្នកនិពន្ធមួយរូប និង
២.ពីខ្រែទី ៧៥ ដល់ ៨០ មានអ្នកនិពន្ធមួយរូបទៀត។
ចំពោះកាលបរិច្ឆេទនិពន្ធវិញ ក៏មានចោទជាបញ្ហាផងដែរ តាមរយៈការសិក្សាស្រាវជ្រាវ និងការអោយយោបល់របស់លោក ញ៉ុក ថែម លោកផ្ដល់សម្មតិកម្មថា:
"-ខ្សែ ១ ដល់ ១០ មានកាលបរិច្ឆេទនៃការសរសេរប្រមាណជាក្នុងស.វ.ទី ១៧ ទៅ ១៨ នៃគ.ស. គឺពីរជ្ជកាលព្រះករុណាជ័យជេដ្ឋាទី ៤ ដល់ព្រះករុណាសម្ដេចព្រះអង្គអេង។
-ហើយខ្សែ ៧៥ ដល់ ៨០ ប្រហែលជាតាក់តែងឡើងក្នុងគ.ស.វ.ទី ១៨ ដល់ ១៩ រជ្ជកាលព្រះបាទអង្គអេងមកដល់ព្រះបាទសម្ដេចព្រះអង្គឌួង។" ចំណែកឯនៅក្នុងសិក្សាកថារបស់អ្នកស្រី សាវរស ពៅ វិញបានចែករឿងរាមកេរ្ដិ៍ជា ២ ចំពូក ឬ ២ ផ្នែកធំៗ គឺ:
"-រាមកេរ្ដិ៍ផ្នែកទីមួយ គឺត្រូវនឹងសៀវភៅពុទ្ធសាសនបណ្ឌិត្យភាគ ១ ដល់ភាគ ១០ មានទាំងអស់ ៥.០៣៤វគ្គកំណាព្យ សាងនិងតែងឡើងនៅរវាងសតវត្សទី ១៦-១៧។
-រាមកេរ្ដិ៍ផ្នែកទី ២ គឺត្រូវនឹងសៀវភៅពុទ្ធសាសនបណ្ឌិត្យភាគ ៧៥ ដល់ ៨០ មានទាំងអស់ ១.៧៧៤វគ្គកំណាព្យតែងឡើងនៅរវាងពាក់កណ្ដាលសតវត្សទី ១៨។

សរុបមកយើងឃើញថាការសិក្សាជុំវិញបញ្ហាអ្នកនិពន្ធ និងកាលបរិច្ឆេទនេះ យើងអាចនៅមានការសិក្សាបន្តទៀត តែតាមរយៈការសិក្សារបស់អ្នកជំនាញទាំង២រូបដូចដែលបានបង្ហាញជូនខាងលើនេះ យើងអាចសន្និដ្ឋានបានថា អាចជាការត្រឹមត្រូវផងដែរ ព្រោះមានអំណះអំណាងសមហេតុផលផងដែរ។
មានអ្នកសិក្សាជាច្រើនបានធ្វើការកំណត់រួមគ្នាថារឿងនេះមានប្រភពមកពីរឿងរាមាយណៈឥណ្ឌាដែលនិពន្ធឡើងដោយឥសី វាល្មីកិ ដែលលោកបាននិពន្ធឡើងនៅក្នុងស.វ.ទី ៣ មុនគ.ស.។ លើសពីនេះទៅទៀតដំណើររឿងនៃរឿងរាមកេរ្ដិ៍ខ្មែរក៏មានឆ្លាក់នៅលើជញ្ជាំងនៃប្រាសាទអង្គរវត្ត ហើយនិងប្រាសាទ ៣ ទៀតដែលមានឆ្លាក់ទាក់ទងនិងដំណើររឿងរាមកេរ្ដិ៍នេះមានដូចជាប្រាសាទកោះកេរ្តិ៍ (ដើមស.វ.ទី ១០), ប្រាសាទបន្ួាយស្រី (ពាក់កណ្ដាលសតវត្សទី ១០) និងប្រាសាទបាពួន (ដើមសតវត្សទី ១១)។ ម្យ៉ាងវិញទៀតតាមរយៈការសិក្សារបស់គណៈកម្មាការរឿងរាមកេរ្ដិ៍នៃសាកលវិទ្យាល័យវិចិត្រសិល្បៈ នាឆ្នាំ ១៩៦៩ ដែលមានសមាជិកជាអ្នកឯកទេសវប្បធម៌ខ្មែរមានដូចជាលោក កេង វ៉ាន់សាក់, ហង្ស ធុនហាក់, ហួត គឹមលាង ជាដើម បានបង្ហាញថា រឿងរាមកេរ្ដិ៍ កើតនៅប្រទេសកម្ពុជា នៅសម័យសម្បូរណ៍ព្រៃគុក (សតវត្សទី ៧) ម្ល៉េះ។ រីឯអត្ថបទសំណេរ ប្រហែលជាទើបតែមានកំណើតក្រោយមកទៀតពោលគឺនៅសម័យកណ្ដាល។ ប៉ុន្តែបញ្ហាចោទមួយទៀតក៏បានកើតមានឡើងផងដែរ គឺថាតើពិតទេ ដែលថាចម្លាក់ទាំងឡាយនោះជាចម្លាក់ស្ដីពីរឿងរាមកេរ្ដិ៍?តើវាអាចជាចម្លាក់ស្ដីពីរឿងរាមាយណៈដែលឬអត់? យើងនឹងលំអិតបញ្ហានេះនៅពេលក្រោយទៀត។
រឿងរាមកេរ្ដិ៍ដែលពុទ្ធសាសនបណ្ឌិត្យបានបោះផ្សាយលើកដំបូងនៅឆ្នាំ ១៩៣៧ ក្រោមការដឹកនាំដោយកញ្ញា ស.ការប៉ឺឡែស (S.Karpelès)។ អត្ថបទរឿងដែលត្រូវបានបោះផ្សាយនោះ គឺត្រូវបានចម្លងចេញពីសាស្ត្រាស្លឹករឹត ២ច្បាប់ គឺមួយច្បាប់ជារបស់ព្រះអង្គម្ចាស់ វឌ្ឍឆាយាវង្ស ហើយមួយច្បាប់ទៀតជារបស់សាលាបារាំងចុងបូព៌ាប្រទេស នាទីក្រុងហាណូយ ប្រទេសវៀតណាមខាងជើង។
រឿងរាមកេរ្ដិ៍សរុបទាំងអស់មាន ៨០ខ្សែ ប៉ុន្តែចំនួនពិតដែលត្រូវបានបោះផ្សាយមានត្រឹម ១៦ខ្សែប៉ុណ្ណោះ។ រឿងទាំង ១៦ ខ្សែនោះគឺមានពី ខ្សែ ១ ដល់ ១០ និងពី ៧៥ ដល់ ៨០ ឯខ្សែដែលស្ថិតនៅចន្លោះនោះរកពុំទាន់ឃើញ (ឬអាចថារកមិនឃើញក៏បាន) ដែលមានចំនួនសរុប ៦៤ខ្សែ។
ចំពោះផ្នែកដែលស្ថិតនៅចន្លោះនោះត្រូវបានអ្នកសិក្សាស្រាវជ្រាវជាតិ ក៏ដូចជាអ្នកសិក្សាអន្តរជាតិបានបង្ហាញសម្មតិកម្មរបស់ខ្លួនថា រឿងរាមកេរ្ដិ៍នេះអាចមិនមានការបាត់បង់រហូតដល់ ៦៤ខ្សែ ឬអាចនៅមានបន្តវែងឆ្ងាយទៅទៀតនោះទេ គឺថាខ្វះច្រើនត្រឹម ៤ខ្សែប៉ុណ្ណោះដែលខ្សែទាំងនោះមានដូចជា:
១.មរណភាពក្រុងរាពណ៌
២.ការលុយភ្លើងរបស់នាងសីតា
៣.ការត្រឡប់របស់ព្រះរាមចូលក្រុងឰយុធ្យាវិញនិង
៤.ការអភិសេកព្រះរាមឡើងសោយរាជ្យនៅក្រុងឰយុធ្យា។
មួយវិញទៀតកាលពីឆ្នាំ ២០០៤ លោក ឃីង ហុកឌី បានបោះផ្សាយនូវឧបកថារាមកេរ្ដិ៍មួយ ដែលមានចំណងជើងថា "កាលវៃយរាពណ៌សន្ដំយកព្រះរាមបាន"។ លោកសាស្ត្រាបានលើកបញ្ជាក់បន្ថែមថា "រហូតមកដល់សព្វថ្ងៃក្នុងអត្ថបទអក្សរសិល្ប៍ស្ដីពីរឿងរាមាយណខ្មែរ-រាមកេរ្ដិ៍ ឃើញមានខ្វះឧបកថាសំខាន់ខ្លះៗទៀត ដើម្បីផ្សាអោយជាប់គ្នាឡើងវិញរវាងរាមកេរ្ដិ៍ក្រុមទី ១ (ខ្សែ១ដល់ខ្សែ១០) និងក្រុមទី ២ (ខ្សែ៧៥ ដល់៨០) ហើយខ្សែ ៨០ មិនមែនជាខ្សែបញ្វប់រឿងរាមកេរ្ដិ៍នេះនៅឡើយទេ។ ឧបកថារាមកេរ្ដិ៍ឯទៀតៗដែលខ្វះខាតនោះអ្នកសិក្សាស្រាវជ្រាវ និងអក្សរសិល្ប៍វិទូស្គាល់ជាពិសេស អក្សរសិល្ប៍សំដី និងគំនូរលើជញ្ជាំងវិហារព្រះកែវក្នុងបរមរាជវាំង ភ្នំពេញ និងវិហារវត្តបូព៌ក្នុងខេត្តសៀមរាប។ " ឧបកថានេះត្រូវបានរកឃើញនៅបណ្ណាល័យសមាគមអាស៊ីក្រុងប៉ារី នៅក្នុងចង្កោមឯកសារខ្មែរដែលលោកអៃម៉ូញេបានធ្វើអំណោយដល់សមាគមអាស៊ីនេះរក្សាទុក (សូមអានបន្ថែម សាស្ត្រារាមកេរ្ដិ៍, កាលវៃរាពណ៌សន្ដំយកព្រះរាមបាន)។ រូបខ្ញុំផ្ទាល់មានសេចកហដីត្រេកអរណាស់នៅពេលដែលបានអានឧបកថាមួយនេះ ព្រោះមានអារម្មណ៍ថាឧបកថាមួយនេះបានចូលមកផ្សាភ្ជាប់ចំណែកដែលបាត់អោយរួមចូលគ្នា លើចន្លោះណាមួយនោះដែលឧបកថានេះស្ថិតនៅ។
នៅក្នុងនិពន្ធវិធី កវីខ្មែរបានតែងសាច់រឿងរាមកេរ្ដិ៍នេះជាពាក្យកាព្យបែបខ្មែរដោយយកលំនាំតាមបទល្ខោន ហើយគ្មានធ្វើបញ្ចែកជាវគ្គ ឬជាកាន្ទដូចរឿងរាមាយណៈរបស់ឥណ្ឌានោះឡើយ។ តាមរយៈរឿងរាមកេរ្ដិ៍ដែលបោះផ្សាយនោះមានប្រើបទកំណាព្យដូចជា: បទសំរើប, សំណាខរ, សំណាខម, ជើតបទថយំយ, ជើតបទឡើងរថ, បទបម្រើ, បទប្រគំ ជាដើម។ ទោះបីជាមានការរចនាប្លែកយ៉ាងនេះក្ដីក៏ទម្រង់នៃការតែងនិពន្ធនៅមានលក្ខណៈជាទម្រង់បទ កាកគតិ, ព្រហ្មគតិ, បន្ទោលកាក និងភុជង្គលីលា ដដែល តែអ្នកនិពន្ធប្រហែលជាចង់រំលេចសាច់រឿងនេះអោយទៅជប្រភេទអត្ថបទរឿងល្ខោន ដើម្បីធ្វើអោយដំណើររឿងទាំងមូលមានលក្ខណៈរស់រវើក។ 

ក្រៅពីរឿងរាមកេរ្ដិ៍ដែលពុទ្ធសាសនបណ្ឌិត្យ និងឧបកថាដែលលោកឃីង ហុកឌី បានបោះផ្សាយនោះ យើងនៅរកឃើញបណ្ដាឯកសារប្រភេទរឿងនេះមួយចំនួនទៀតដូចជា: 

-រឿងរាមកេរ្ដិ៍ ពោលដោយតាគ្រុឌ ដែលជាប្រភេទខ្សែអាត់សម្លេង ត្រូវបានថតដោយលោកសាស្ត្រាចារ្យ អាឡាំង ដានីញ៉ែល ដោយមានលោក ហ្សាក់ ប្រ៊ុយណេ ជាអ្នកជូនលោកទៅជួបជាមួយតាគ្រុឌ ក្នុងឆ្នាំ ១៩៦៧ ហើយលោកសាស្ត្រាចារ្យ អាឡាំង ដានីញ៉ែល ក៏ចាប់ផ្ដើមថរខ្សែអាត់សម្លេងនេះកំឡុងឆ្នាំ ១៩៦៧-៦៨។ លុះដល់សព្វថ្ងៃនេះ ខ្សែអាត់សម្លេងនេះត្រូវបានមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណាផលិតឡើងវិញ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកបណ្ឌិត អាឡាំង ដានីញ៉ែល និងក្រោមការជួយឧបត្ថម្ភរបស់អង្កការយូណេស្កូនិងគណៈការជាតិយូណេស្កូ។ រឿងមួយទៀត ដែលគេអោយឈ្មោះថា "រឿងរាមកេរ្ដិ៍និទានដោយតាចក់" ត្រូវបានលោក ហ្វ្រង់ស័រ ប៊ីហ្សូត៍ ធ្វើការចម្លងនិងបោះផ្សាយជាលក្ខណៈសំណេរនៅដើមទសវត្សទី ៧០។ រីឯរឿងមួយប្រភេទទៀតនោះ ជារឿងនិទានដោយតាសយ ដែលត្រូវបានចងក្រងជាឯកសារសំណេរដោយលោកសាស្ត្រាចារ្យ អាំង ជូលាន ក្នុងឆ្នាំ ២០០០។ ក្នុងនោះផងដែរ យើងក៏បានរកឃើញអត្ថបទរឿងរាមកេរ្ដិ៍មួយទៀតដែលរៀបរៀងសម្រួលឡើងដោយសម្ដេច វាំង ជួន នាឆ្នាំ ១៩០៣ គឺ "រឿងរាមកេរ្ដិ៍ តាមគំនូរនៅលើថែវ វត្តព្រះកែវមរកត"។ 

សរុបមកយើងរកឃើញរឿងរាមកេរ្ដិ៍នេះជាច្រើនប្រភេទមានទាំង សំណេរ, សំដី, ចម្លាក់ និងគំនូរ ជាដើម ដែលលក្ខណៈទាំងអស់នេះបង្ហាញអោយឃើញពីប្រជាប្រិយភាពនៃអក្សរសិល្ប៍មួយនេះនៅក្នុងស្រទាប់ប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ។
ប្រសិនជាមានកំហុសខុសឆ្គងដោយចេតនាក្ដី ឬអចេតនាក្ដីដែលបានកើតមាននៅក្នុងអត្ថបទមួយនេះ ក៏សូមមេត្តាអធ្យាស្រ័យពីសំណាក់មិត្តអ្នកអាន និងអស់លោក លោកស្រីទុកជាមុនផង ត្បិតរូបខ្ញុំផ្ទាល់ក៏មិនចង់សាងកំហុសទាំឡាយនោះអោយកើតមានផងដែរ។ យើងខ្ញុំនឹងរងចាំទទួលគ្រប់មតិរិះគន់ក្នុងន័យកែលំអរ ដើម្បីជួយរំលេចអត្ថបទមួយនេះអោយបានជាប្រយោជន៍ដល់អ្នកសិក្សាគ្រប់គ្នា។ (ភ្នំពេញ, ៣១, ០៨, ២០១៤)

No comments:

Post a Comment