Friday, March 4, 2016

#វិមានព្រះបាទនរោត្តម នៅព្រៃនគរ

"វិមានព្រះបាទនរោត្តម" សាងសង់ឡើងនៅកណ្ដាលក្រុងព្រៃនគរ ដោយបារាំងឧទ្ទិសថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម (គ.ស.១៨៣៤ ដល់ គ.ស.១៩០៤) បញ្ចុះបឋមសិលាដោយលោកអគ្គទេសាភិបាលបារាំង de la Grandiere នៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ១៨៦៩។ គូសប្លង់និងនិងដឹកនាំការសាងសង់ដោយវិស្វករបារាំងលោក Hermite ពីឆ្នាំ១៨៧១ដល់១៨៧៤ ជំនួសអគារឈើទ្រុឌទ្រោមឆ្នាំ១៨៦៣ គេប្រើប្រាស់អគារនេះជាពិសេស ជាកន្លែងស្នាក់នៅនិងធ្វើការងាររបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ពីសម័យបារាំងរៀងមក។

សាងសង់ឡើងលើផ្ទៃដីទំហំ ១២ហិកតា មានបញ្ចុះបឋមសិលាដុលទំហំគូប៥០សង់ទីម៉ែត (និងមានដាក់បញ្ចូលកាសរូបិយបណ្ណធ្វើពីមាសប្រាក់ស្ពាន់នោះ) យកមកពីខេត្តចង្វាត្រពាំង (យួនដូរជា Bien Hoa នៃដែនដីកម្ពុជាក្រោម) វិមាននេះ គេបានប្រើប្រាស់ជានិវាសនដ្ឋាននិងអគារការងាររបស់អគ្គទេសាភិបាលបារាំងនៅដែនដីកូសាំងស៊ីន (ជាឈ្មោះហៅតំបន់ដីសណ្ដរទន្លេមេគង្គគឬកម្ពុជាក្រោម) ពីឆ្នាំ១៨៨៧ ដល់ ឆ្នាំ១៩៤៥។

រដ្ឋការយួនខាងត្បូងសម័យ ង៉ូ ឌិនយៀម បានប្ដូរឈ្មោះ វិមាននេះទៅជា វិមានដុកឡាប់ (វិមានឯករាជ្យ) ក្នុងឆ្នាំ១៩៥៤ នៅពេលបារាំងដកអាណានិគមចេញពី ឥណ្ឌូចិនក្នុងឆ្នាំនោះ។ មានពាក្យអ្នកស្រុកខ្មែរជាយដែនខ្មែរ-យួននិងនៅកម្ពុជាក្រោម (តំបន់ខ្លះ បានប្រើពាក្យ ស្រុកអុកឡាប់ ទំនងជាមកពីពាក្យ ស្រុកដុកឡាប់ ដើម្បីពិពណ៌នា ស្រុកចលាចល សំដៅដល់ភាពជ្រួលច្របល់ដែលធ្លាប់កើតមាននៅទីនោះ។

មកដល់ឆ្នាំ១៩៧៥ បន្ទាប់ពីពួកកុម្មុយនិស្តវៀតណាមបានឈ្នះសង្គ្រាមលើអាមេរិកនៅថ្ងៃទី៣០មេសាឆ្នាំនោះ គេបានប្ដូរវិមានឈ្មោះដើម វិមានព្រះបាទនរោត្ដម មកជា វិមានឯកភាព រហូតដល់សព្វថ្ងៃ នៅក្នុងក្រុងឈ្មោះដើមខ្មែរ ព្រៃនគរ ដែលយួនបានប្ដូរជាឈ្មោះ សៃហ្គន (ពីពាក្យដើមខ្មែរ ព្រៃគរ) និងជា ក្រុងហូ ជីមិញ។

ប្រភពនានា៖ TO Kim-Thong, វុត្ថា ក្សត្រាវង្ស ...

No comments:

Post a Comment