Friday, November 18, 2016

#តេជសានេមៈ

"តេជសានេមភូចនាវិវេ" អានថា "តេជៈសានេមៈភូចៈនាវិវេ" ជាអ្វី? តើលោកអ្នកដឹងថា ឃ្លា "តេជៈសានេមៈភូចៈនាវិវេ" ជាអ្វីទេ? ខ្ញុំជឿថាមុខជាមានចម្លើយថា ជាពាក្យ បាលីសំស្ក្រឹត។ ខ្ញុំធ្លាប់បានលើកសំណួរនេះចំពោះសាមណនិស្សិតនិងគ្រូធម្មាចារ្យខ្លះ ដែលលោកបែរជាភាំងពេលបានឮពាក្យនេះ ហើយទាល់តែបង្ហើបបន្តិចទៀតទើបអាចយល់បាន។ គឺ ពាក្យសង្ខេបចំនួនដប់ព្យាង្គ "តេជៈសានេមៈភូចៈនាវិវេ" នេះហើយដែលមានឥទ្ធិពលជ្រាបជ្រៅទៅក្នុងនិងនៅក្នុងសន្តានចិត្តខ្មែរច្រើនសតវត្សរ៍មកដល់ពេលនេះ ថ្វីបើសព្វថ្ងៃ ឃើញមានភាពរោយរាយញាំញីដោយសេចក្ដីប្រមាទ(ធ្វេសប្រហែស)និងប្រមាថ(មើលងាយ) ចាប់ពីការធ្លាក់ចូលក្នុងរបបកុម្មុយនិស្តឆ្នាំ១៩៧៥ មកនោះ។ ឃ្លានេះជាមូលដ្ឋាននៃជោគជ័យនៃជីវិតក្នុងសេចក្ដីស្ងប់ក្នុងចិត្តនិងសន្តិភាព។ អ្នកដែលបានសិក្សាឬអានស្នាដៃអក្សរសិល្ប៍ខ្មែរពុទ្ធនិយម ប្រាកដជាចាំឈ្មោះរឿង ទសជាតក (ឬ កំណើតព្រះពុទ្ធសាងបារមីដប់ជាតិ) ។ តើជារឿងអ្វីខ្លះ ហើយដើម្បីងាយចងចាំ គេមានអ្វីសម្គាល់ឬទេ? គឺ៖ ១. តេ (=តេមិយជាតក) ២. ជៈ (=មហាជនកជាតក) ៣. សា (=សុវណ្ណសាមជាតក) ៤. នេ (=នេមិរាជជាតក) ៥. មៈ (=មហោសថជាតក) ៦. ភូ (=ភូរិទត្តជាតក) ៧. ចៈ (=ចន្ទកុមារជាតក) ៨. នា (=នារទកុមារជាតក) ៩. វិ (=វិធូរបណ្ឌិតជាតក) និង ១០. វេ (=វេស្សន្តរជាតក)។ កម្មវិធីសិក្សាបច្ចុប្បន្នដូចជាបានមើលរំលងភាពចាំបាច់ជាមូលដ្ឋាននៃអដ្ឋង្គិកមគ្គ (ឬ មាគ៌ាមូលដ្ឋានគ្រឹះទាំង៨) នៃសេចក្ដីសុខស្ងប់ក្នុងបុគ្គលម្នាក់ៗនិងសង្កមទាំងមូល។ មេដឺកនាំនយោបាយម្នាក់ៗគួរតែត្រូវបង្ខំឲ្យសិក្សាលត់ដំចិត្តស្មារតីនិងអារម្មណ៍ក្នុងផ្លូវទាំងនេះ ដើម្បីជម្រុះចោលឲ្យអស់នូវ អំណួតក្អេងក្អាង មហិច្ឆតា លោភៈ ទោសៈ មោហៈ ... មុននឹងចង់ក្លាយខ្លួនជាអ្នកដឹកនាំគេនិងប្រទេសជាតិ។ តើវណ្ណកម្មដ៏ត្រចះត្រចង់នេះជាសមិទ្ធផលរបស់លោកណា? អាចនៅមានមនុស្សតិចតួចណាស់ដឹងរឿងនេះនិងអាចឆ្លើយបាន។ ដូចរូបថតភ្ជាប់មកនេះបញ្ជាក់ស្រាប់ គឺ លោក ញ៉ុក ថែម ។ គេប្រហែលជាស្គាល់លោក ញ៉ុក ថែម ជាអ្នកនិពន្ធរឿង កូឡាបប៉ៃលិន ឬ ឃុននារី ចៅចិត្ត ច្រើនជាងជាអ្នករៀបរៀងគម្ពីរសម្រាយទសជាតកដែលមានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់មនុស្សជាតិ (classes d'humanité ឬ មធ្យមសិក្សាទុតិយភូមិ) នេះ។ Puthpong Sao November 18, 2014 ·

No comments:

Post a Comment